(ប៉ៃលិន)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព» ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមវត្តមានរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ហើយក៏ការអញ្ជើញចូលរួមពី លោក គោស៊ី ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន រួមទាំងតំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធខេត្ត, គ្រឹះស្ថានឯកជន សិស្សតាមបណ្តា វិទ្យាល័យ វិទ្យាស្ថាន និងសាធារណជន នៃខេត្តប៉ៃលិនផងដែរ។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជា្របចំណេះដឹង ពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ឱ្យបានកាន់តែ ទូលំទូលាយ ដល់សាធារណជន នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ធ.ក. ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជន លើការប្រើប្រាស់ សេវាធានារ៉ាប់រង។

សិក្ខាកាមដែលចូលរួម ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ ដែលធានានូវហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវរបស់អ្នកត្រូវបានធានា គ្រោះថ្នាក់បុគ្គល និងសុខភាព។

បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជន ដែលប្រើប្រាស់សេវាធានារ៉ាប់រង។

សិក្ខាកាមទាំងអស់ ក៏បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រង ព្រមទាំងឆ្លើយតប ឱ្យបានសមស្របទៅ នឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេល ដែលមានការបាត់បង់ទ្រព្យសម្បត្តិ បញ្ហាសុខភាព ឬគ្រោះថ្នាក់ដែលប៉ះពាល់អាយុជីវិត៕