(កោះកុង)៖ ក្រោយពីការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងទាហានថៃ នៅខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានដាក់ចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់កងវរសេនាតូចលេខ៣៣៧ ផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចម្រុះទាំងអស់ បង្កើនការយកចិត្តទុកដាក់ ហើយបន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពចេញយាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។ 

ឧត្ដមសេនីយ៍ត្រី ជួន សុភ័ក្រ ក៏បានដាក់ចេញបទបញ្ជាឲ្យមេបញ្ជាការមេបញ្ជាការរងគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការការពារខ្សែបន្ទាត់ព្រំដែន ជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនកងកម្លាំងទាំងអស់ ដែលឈរជើង និងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន និងមានសុខភាពល្អ រួមសាមគ្គីគ្នាគ្នារក្សាភាពផ្ទៃ ក្នុងវិស័យកងទ័ពដើម្បីការពារទឹកដី៕