(មណ្ឌលគិរី)៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លើក​ឡើង​ថា ភាព​ក្រីក្រ គឺជាសត្រូវរបស់យើង។ ក្នុងនាមប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព កុំថ្អូញថ្អែរថា ហត់ លំបាក ហើយដើម្បី​ប្រជាពលរដ្ឋ​ត្រូវប្រឹងប្រែងបម្រើបងប្អូនឱ្យអស់ពី​ចិត្ត​ពី​ថ្លើម។

ការ​លើក​ឡើង​បែបនេះ ក្នុង​ឱកាសរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ថ្លែង​ក្នុង​ពិធី​តែងតាំង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី​ថ្មី លោក ធន សារី អតីត​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ក្រចេះ ជំនួសលោក យន់ សារ៉ោម ប្រធាន​មន្ទីរ​ចាស់​ ដែលសុំ​​លាលែង​ពី​តំណែងកាលពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០២៥ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​មណ្ឌលគិរី។

លោក ឆាយ ឬទ្ធិសែន បានលើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី០៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បាន​យកចិត្តទុកដាក់​ដ៏​ម៉ឺងម៉ាត់ ថែរក្សា​កេរដំណែល​ជាតិ ដូច្នេះក្នុង​នាម មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន កសាង​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​ព្យាយាម​បំពេញ​តួនាទី​កាតព្វកិច្ច​ខ្លួន​ឲ្យ​បាន​ល្អ។

លោក​រដ្ឋមន្ត្រី បន្ត​ទៀត​ថា ខេត្ត​មណ្ឌលគិរី គឺជា​ខេត្ត​ភូមិភាគ​ឦសាន សម្បូរ​ទៅ​ដោយ​ជនជាតិ​ដើម​ភាគតិច។ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ បាន​បង្កើត​ជា​សហគមន៍​លើក​ស្ទួយ​ជនជាតិ​ដើម​ភាគតិច​ជាងគេ ក្នុង​នោះ គឺ​មាន ១៥ខេត្ត ទូទាំង​ប្រទេស​ផង​ដែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​​ប្រជាពលរដ្ឋ​តាម​តំបន់​ជនបទ តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទឹក ផ្លូវ ភ្លើង និង​បច្ចេកវិទ្យា។ ដូច្នេះ ក្នុង​នាម​មន្ត្រី​ជំនាញ មន្ទីរ​អភិវឌ្ឍន៍​ជនបទ ត្រូវ​ប្រឹងប្រែង​ស្ថាបនា មិន​ថា ផ្លូវលំ ផ្លូវ​បេតុង ឬ​ឈាន​ដល់​ផ្លូវ​ចាក់​កៅស៊ូ ព្រោះ​វា​ជា​សរសៃឈាម​តែមួយគត់ ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

លោក ធន សារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ដែល​ទើប​តែ​ទទួល មុខ​តំណែង​ថ្មី បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ផង​ដែរ​ថា តួនាទី​ដែល​ទទួល​បាន​នៅ​ពេលនេះ លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី បំពេញ​ភារកិច្ច​ជា​សេនាធិការ​បច្ចេកទេស​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​សុចរិត ជូន​ក្រសួង​អភិវឌ្ឍន៍ និង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ០១។ ក្នុង​នោះ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព និង​ចិរភាព សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ០៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត។

លោក​ប្រធាន​មន្ទីរ​ថ្មី លើក​ឡើង​ទៀត​ថា លោក​នឹង​ខិតខំ​ដឹកនាំ​មន្ត្រី​ក្នុង​ការ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​បន្ត​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បង្កើត​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត ដើម្បី​រួមចំណែក​លើក​កម្ពស់​គុណភាព និង​គុណ​តម្លៃ នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជនបទ​ប្រកបដោយ​បរិយាបន្ន​តាមរយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និង​គមនាគមន៍ ជំរុញ​សរសៃឈាម នៃ​កំណើន​សេដ្ឋកិច្ច​ដល់​ទី​ជនបទ ការ​កែលម្អ​លក្ខខណ្ឌ នៃ​ការ​រស់នៅ​របស់​សហគមន៍​ជនបទ។

ក្នុង​នោះ ក្នុង​គោលដៅ​ឲ្យ​ប្រជាជន​ជនបទ​មាន​សុខភាព​ល្អ រស់នៅ​មាន​ឥរិយាបថ​ល្អ អនុវត្ត​អនាម័យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ការ​ជំរុញ​ធ្វើ សកម្មភាព​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​ការ​បណ្ដុះបណ្ដាល ជំនាញ​មូលដ្ឋាន ដើម្បី​បង្កើត​ការងារ និង​មុខរបរ ក្នុង​គោលដៅ​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​នៅ​ទី​ជនបទ និង​ការ​ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ដើម្បី​ពង្រឹង​ស្ថាប័ន ក្នុង​គោលដៅ​បម្រើ​ប្រជាជន​ជនបទ​ដោយ​សុចរិត និង​ទទួល​ខុសត្រូវ​៕