(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានបានពិនិត្យនិងវិភាគស៊ីជម្រៅដល់ចំនួនមន្ត្រីរាជការដែលនឹងចូលនិវត្តន៍ រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣ ដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរួមទាំងផែនការពង្រាយមន្ត្រីឱ្យចំគោលដៅ ក៏ដូចជាបំពេញបន្ថែមនូវមន្ត្រីបច្ចេកទេសតាមតម្រូវការជាក់ស្តែងនៅតាមអង្គភាពនីមួយៗ ស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមបើកសិក្ខាសាលា «ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធ នៃក្រសួងព័ត៌មាន» ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនោះក្រសួងសង្កេតឃើញថានៅក្នុងអំឡុងពេល១០ឆ្នាំទៅមុខ ក្រសួងព័ត៌មាន នឹងមានមន្ត្រីរាជការចូលនិវត្តន៍ចំនួនរហូតដល់ ៥០៧នាក់ (ថ្នាក់ជាតិចំនួន ៣៥០នាក់ និងថ្នាក់ក្រោមជាតិចំនួន ១៥៧នាក់) ដែលជាកត្តាប្រឈមផ្នែកធនធានមនុស្សក្នុងការបំពេញការងារជូនដល់ស្ថាប័ន ជាពិសេសធនធានមនុស្សដែលកំពុងអនុវត្តការងារបច្ចេកទេស។ ដូចនេះ ដើម្បីធានានិរន្តរភាពការងារក្រសួងព័ត៌មាន បានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាព និងតម្រូវការក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញ និងតម្រូវការក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីរាជការស៊ីវិលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ព្រមទាំងបានកំណត់នូវមុខជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងវិស័យព័ត៌មានចំនួន២៤ មុខវិជ្ជា និងគ្រោងផ្តល់ការបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការចំនួន ១,៩៤២រូប។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មានបានរៀបចំនិងដាក់ឱ្យអនុវត្តផែនការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨ ដែលមានវិសាលភាពសម្រាប់អនុវត្តចំពោះមន្ត្រីរាជការក្រសួងព័ត៌មានដោយផ្តោតលើការបណ្តុះបណ្តាលកម្រិតជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជាប្រចាំ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដោយបានតម្រង់ទិសការងាររបស់ខ្លួនលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់រូបភាព កិច្ចការរដ្ឋបាលទូទៅ និងការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មានថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាមួយទិសដៅនេះ ក្រសួងព័ត៌មានរៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៥ និងបានកំណត់សូចនាករសំខាន់ចំនួន ៧រួមមាន៖
ទី១៖ ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្រប តាមការប្តេជ្ញាចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធ ផ្សាយតាមឌីជីថល និងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ
ទី២៖ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍
ទី៣៖ ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយដោយផ្តោតលើការគាំទ្រផ្នែកច្បាប់ ការកសាង និងអភិវឌ្ឍសមត្ថភាព
ទី៤៖ ការរៀបចំបទដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល
ទី៥៖ ការកសាង និងអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រី និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោទស្សន៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន
ទី៦៖ ការផលិតមាតិកា និងខ្លឹមសារ ដើម្បីកសាងទំនុកចិត្ត និងទាក់ទាញការគាំទ្រពីសាធារណជន
ទី៧៖ ការធានាបាននូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់និងព័ត៌មានបំភ្លៃបំផ្លើស ព័ត៌មានមិនពិត ដោយផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងលឿនរហ័សជូនដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងដើម្បីលើកកម្ពស់ប្រសិទ្ធផលស្ថាប័ន ក្រសួងព័ត៌មាន បានកំណត់នូវទិសដៅជាអាទិភាព ជាយុទ្ធសាស្ត្រសម្រាប់បន្តជំរុញការដ្ឋាន កំណែទម្រង់ ដោយឈរលើគោលការណ៍មូលដ្ឋានគ្រឹះទាំង៥ នៃភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ មូលធនមនុស្ស ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ ការទូតព័ត៌មាន រួមជាមួយនឹងគុណតម្លៃនៃការប្រតិបត្តិដើម្បីធានានូវស្តង់ដារប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ ជឿជាក់ ការផ្តល់តម្លៃ និងសីលធម៌ក្នុងការងារ (សុចរិតភាព) ការប្រើប្រាស់ចំណេះដឹង និងគំនិតច្នៃប្រឌិតឱ្យអស់ លទ្ធភាព នៅក្នុងការវិភាគ ការចូលរួម និងការធ្វើសេចក្តីសម្រេចចិត្ត (ឧត្តមភាព) ការលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងការចែករំលែកបទពិសោធ និងចំណេះដឹង (ការចូលរួម) ការលើកកម្ពស់ការទទួល ខុសត្រូវនៅចំពោះសកម្មភាព និងការសម្រេចចិត្ត (គណនេយ្យភាព) និងការបើកចំហព័ត៌មានជាសាធារណៈ (តម្លាភាព)៕