(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េ ពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់។

លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា៖ «គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារ នៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើសការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ»

អ្នកនាំពាក្យរូបនេះ បានបន្ដថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជន មានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។ លោកបានបន្ដទៀតថា ក្រសួងការងារ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណា ដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់។

សូមជម្រាបដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ជាប្រមុខការពារដាច់ខាត ចំពោះពលរដ្ឋរបស់ខ្លួន និងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួនដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលគគ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះសូមពលរដ្ឋជួយរាយការណ៍ មកក្រសួងនូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជនដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕