(ព្រះវិហារ)៖ ​លោក គីម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជនឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ ទីលំនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនមុំបី។

នៅក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា បានសំដែងនូវការចូលរួមរំលែកទុក្ខ និងថ្លែងផ្តាំផ្ញើនៅការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមីដ៍ល្អ និងជាឪពុកដ៍ល្អ​របស់កូនៗ។​

លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា «នេះជាការបាត់បង់ដ៏ធំនៃជាតិ និងជាពិធីសោកស្តាយរួមរបស់ពលរដ្ឋខ្មែរទាំងមូល ចំពោះវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ នៅតំបន់ព្រំដែនមុំបី»

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះ ជាមួយនឹងការឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព​បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

បើតាមលោក គីម ចាន់បញ្ញា, នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងដឹកនាំប្រតូរដ្ឋបាលខេត្តព្រះវិហារ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព​ផងដែរ៕