(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ​ហើយកុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងជៀសវាងកុំឱ្យសភាពការណ៍នេះ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត​រវាងប្រទេសទាំងពីរ​ ខណៈក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា-ថៃ ​សម្រេចទំហំពាណិជ្ជកម្មប្រមាណជាង១០ពាន់លានដុល្លារ។​​

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ​។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឱ្យសភាពការណ៍វិលត្រឡប់ទៅចំណុចដើមវិញ តែប៉ុណ្ណឹងទេ មិនចង់បានអ្វីលើសពីហ្នឹងទេ រួចហើយកងទ័ពនឹងកងទ័ពសហការគ្នា។ តាមអគ្គបញ្ជាការ វង្ស ពិសេន ឱ្យដឹងថា ស្រី ឌឹក នឹងជួប មេបញ្ជាការទិសខាងនោះ ស្រី ឌឹក ជាមេបញ្ជាការកងពលធំទី៣ ហើយក៏ជាអនុជើងគោក ហើយមេបញ្ជាការជើងគោគ និងមេបញ្ជាការជើងគោក នឹងជួបគ្នាល្ងាចនេះ។ ខ្ញុំសង្ឃឹមថា កងទ័ព នឹងស្វែងរករូបមន្តនៃការដោះស្រាយ សុំឱ្យសភាពការណ៍ វាកើតត្រឹមតែនៅមុំបីនោះ ហើយវិលត្រឡប់ ទៅរកសភាពការណ៍មុនម៉ោង៥កន្លះព្រឹកថ្ងៃទី២៨ ឧសភា»

សម្តេចតេជោ បានថ្លែងបន្តថា ​សម្តេចមិនចង់ឱ្យសភាពការណ៍នេះ ​រីករាលដាលនៅទូទាំងព្រំដែនឡើយ​ និងកុំឱ្យសភាពការណ៍នេះ ប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬគ្រប់ផ្នែក ​ដែលកម្ពុជា-ថៃមានកិច្ចសហប្រតិបត្តិការជាមួយគ្នា រាប់ទាំងផ្នែកកិច្ចសហប្រតិបត្តិការផ្នែកយោធាផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ កុំរុញបញ្ហា ជំរុញឱ្យមានការស្អប់ជាតិសាសន៍ និងការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យ​ ព្រោះរឿងរឿងរ៉ាវបានកើតឡើងទៅហើយ ត្រូវតែរកវិធីដោះស្រាយ ដើម្បីសម្រាលសភាពការណ៍នេះមកវិញ និងបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីទាញយកផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

​បើតាមសម្តេច តេជោ កម្ពុជា-ថៃ ​សម្រេចទំហំពាណិជ្ជកម្មប្រមាណជាង១០ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ ពោលគឺថៃក៏មានផលប្រយោជន៍នៅក្នុងទីផ្សារកម្ពុជា ឯកម្ពុជាក៏មានផលប្រយោជន៍នៅក្នុងទីផ្សាររបស់ថៃដែរ៕