(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សព្វាវុធ និងកងទ័ព ដែលបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ពិតមែនហើយ ខ្ញុំបានបញ្ជាក់ទៅតាមការបង្ហោះតាមហ្វេសប៊ុកផេចរបស់ខ្ញុំ ព្រឹកនេះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការចល័តទ័ពទៅព្រំដែន។ ការចល័តទ័ព និងអាវុធធន់ធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»។
«យើងមិនយកអាវុធយុទ្ធភណ្ឌ ដែលកំពុងតែបញ្ជូនឡើង ដែលបានទៅដល់គោលដៅ និងជិតទៅដល់គោលដៅ ដើម្បីទៅវាយប្រហារ ទៅកាន់ប្រទេសថៃនោះទេ ប៉ុន្តែសូមបញ្ជាក់ថា យើងត្រូវតែត្រៀមបម្រុងទុកជាយថាហេតុអាក្រក់បំផុត ព្រោះថារឿងនេះវាជាបទពិសោធន៍ដែលបានកើតពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២១ ដែលខ្ញុំចង់ជម្រាបជូនបងប្អូននៅទីនេះ ក៏ដូចជាបងប្អូនជនរួមជាតិ ហើយក៏ជាការជូនសារទៅដល់សមភាគីរបស់យើង គឺព្រះរាជាណាចក្រថៃ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ ដាក់ការសន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គលតែប៉ុណ្ណោះ។
សូមជម្រាបថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កើតឡើងដោយសារកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ មានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានចាត់ទុកថា សកម្មភាពរបស់ទាហានថៃ ដែលចូលមកវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ថាជាការឈ្លានពាន និងបានថ្កោលទោសចំពោះសកម្មភាពបែបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា សម្តេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ ហើយប៉ុន្តែសម្តេចគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណីមានការឈ្លានពាន បែបនេះបន្តទៀត។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពានថៃ៕