(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព នៃការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។

ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នៅតែទទួចចង់បាន ការកសាងខ្សែរព្រំដែនមួយ ជាមួយប្រទេសជិតខាងទាំងអស់ ជាខ្សែរព្រំដែនសន្ដិភាព មិត្ដភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រាជរដ្ឋាភិបាលថៃ និងថ្នាក់ដឹកនាំថៃ ក៏មានចិត្ដគំនិតដូចខាងកម្ពុជាដែរ គឺចង់ពង្រឹងទំនាក់ទំនងជិតខាងល្អ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយអំពាវនាវដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹកផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋ ឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្ត លើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ សម្តេចតេជោ បានថ្លែងថា ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ៕