(មណ្ឌលគិរី)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ជំនួស លោក យន់ សារ៉ោម ដែលបានស្នើសុំលាឈប់ពីប្រធានមន្ទីរ ដើម្បីមកទទួលភារកិច្ចថ្មី។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលនៃគណៈអភិបាល, សមាជិក/សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរជំនាញជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលនៃគណៈអភិបាលក្រុង ស្រុក,ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់, តំណាងដៃគូអភិវឌ្ឍន៍, អង្គការជាតិ អន្ដរជាតិ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សរុបប្រមាណ ២០០នាក់។
ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានអនុក្រឹត្យស្ដីពី ការបញ្ចប់មុខតំណែង និងតែងតាំងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទថ្មីខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងរូបលោក ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។ លោកបានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។
បន្ទាប់មកពីការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរួចមក លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មានសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់អង្គពិធី និងធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ដ្រ ប្រជាសាស្ដ្រ សេដ្ឋកិច្ច និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តសម្រេចបានគួរឱ្យកត់សម្គាល់ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
បន្ទាប់ពីបានស្ដាប់នូវការប្ដេជ្ញាចិត្ត និងសុន្ទរកថាស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធនានាដែលរដ្ឋបាលរដ្ឋបាលខេត្តសម្រេចបាន និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក យន់ សារ៉ោម អតីតប្រធានមន្ទីរ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដែលសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនាពេលកន្លងមក។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ និងមាននិរន្តរភាព ស្របតាមនិន្នាការ នយោបាយ សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា តាមរយៈការដាក់ចេញនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គី មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា, និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅ សម្រេចឱ្យបាននូវចក្ខុវិស័យ«កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។
ជាមួយគ្នានោះដែរ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តតួនាទី និងភាកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព»។
លោករដ្ឋមន្រ្ដី ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពដូចខាងក្រោម៖
*ទី១៖ ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោលដៅយុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់
*ទី២៖ ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ប្រកដោយឆន្ទៈមុះមុតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍»
*ទី៣៖ ត្រូវចេះលើកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍របស់បុគ្គលជាចម្បង
*ទី៤៖ ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ
*ទី៥៖ ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានាជាសហថាមពល ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ
*ទី៦៖ ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានាជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយអនុវត្តជាអ្នកបម្រើដ៏ល្អរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ
*ទី៧៖ ត្រូវថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការខេត្ត ក៨ដូចជាក្រសួងប្រគល់ជូន។
នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់អនុក្រឹត្យនិងត្រារបស់មន្ទីរ ជូនលោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មីខេត្តមណ្ឌលគិរី៕