(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីស្ទៀបស្ទង់មតិរបស់និវត្តជន ឆ្លើយតបតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឱ្យមានវិសាលភាព គ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលនិវត្តន៍។
ពិធីនេះត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយស (ស.អ.ក)ខេត្ត, លោក លោកស្រី ជាសមាជិក សមាជិកា សមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូននិវត្តជនខេត្តពោធិ៍សាត់ទាំងអស់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូននាថ្ងៃនេះ គឺផ្ដោតសំខាន់លើការស្ទៀបស្ទង់មតិរបស់និវត្តជនយើង ដើម្បីរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈ របស់សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជន នៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចស្នូលសំខាន់ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ដោយសម្តេចបានផ្តល់អនុសាសន៍ឱ្យមានការរៀបចំ ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្ម លក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជំរុញបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនកន្លងមកនោះទេ។
ឆ្លងកាត់ការស្ទៀបស្ទង់ខាងលើ ឃើញថាគ្រួសារនិវត្តជនខេត្តពោធិ៍សាត់ភាគច្រើន ពួកគាត់បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់ថ្មី របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់បានចូលនៅក្នុងក្របខ័ណ្ឌ នៃ«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»៕