(ម៉ាឡេស៉ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

នៅក្នុងឱកាសនៃជំនួប, លោកនាយកគ្រប់គ្រងក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។

លោកនាយកគ្រប់គ្រង ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលរួមមានការបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមានដូចជា៖ ម៉ាឡេស៊ី, វៀតណាម និងថៃ​ ជាដើម។

លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន Aurelius Healthcare មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្ស នៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍លោកនាយកគ្រប់គ្រងក្រុមហ៊ុន និងសហការី ព្រមទាំងបានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការចាប់អារម្មណ៍​វិនិយោគលើវិស័យសុខាភិបាល​របស់ក្រុម​ហ៊ុន​ គឺស្របទៅនឹង​គោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​។ រាជរដ្ឋាភិបាល​បាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព, ទំនុកចិត្ត និងសុវត្ថិភាព និងបានបង្កើតប្រព័ន្ធធានារ៉ាប់រងផ្នែកថែទាំសុខភាពជូនប្រជាពលរដ្ឋផងដែរ។

សម្តេចបវរធិបតី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅរួមចំណែកផ្តល់សេវាសុខភាព​ និងព្យាបាលជូនប្រជាពលរដ្ឋនៅ​ក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ៕