(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman Digital 21 នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះ ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងពីការផលិតមាតិកា ថ្មី បទពិសោធជាក់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំមាតិកាទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញលំដាប់អន្តរជាតិ។
សូមជម្រាបថា សិក្ខាកាមដែលបញ្ចប់ការសិក្សាវគ្គនេះដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រទទួលស្គាល់សម្រាប់អាជីពការងាររបស់ខ្លួន៕