(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា គោលការណ៍សំខាន់របស់អាជ្ញាធរជាតិអប្សរា គឺអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស និងបន្តប្រកបដោយចីរភាព។
ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផល និងភារកិច្ចរយៈពេល៣០ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា» នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា លើទឹកដីអង្គរ លោក ឡុង កុសល បានគូសបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានកំណត់គោលការណ៍ខាងលើនេះ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណជំហាន ទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកតម្លៃរមណីយដ្ឋានអង្គរ។
បើតាមការលើកឡើងរបស់លោក ឡុង កុសល, ប្រាង្គប្រាសាទ គឺជាចលករមួយដែលអាចជួយរកចំណូលជូនជាតិ។ ទន្ទឹមនេះ ចំណូលដែលរកបាន គឺជាចំណែកមួយដែលអាចយកមកជួសជុល ប្រាង្គប្រាសាទឡើងវិញផងដែរ ខណៈសមាសភាពទាំងពីរនេះ មិនអាចខ្វះមួយណាបានឡើយ។
ក្នុងន័យនេះ លោក ឡុង កុសល បានបញ្ជាក់ថា ប្រាង្គប្រាសាទមានអាយុមិនក្រោម១,០០០ឆ្នាំនោះទេ ដូច្នេះទាមទារឲ្យមានការជួសជុល ដើម្បីរក្សាឲ្យបាននូវសម្បត្តិវប្បធម៌ ជូនប្រជាពលរដ្ឋជំនាន់ក្រោយ ក៏ដូចជាផ្ដល់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីជាង១០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់អំពី វប្បធម៌ អរិយធម៌ សក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិ និងបេតិភណ្ឌជាតិដ៏សម្បូរបែប លើទឹកដីអច្ឆរិយនេះ៕