(ប៉ៃលិន)៖ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកវេទិកាសាធាបើករណៈក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងប្រកាសសមាសភាពក្រុមលេខាធិការដ្ឋាន មន្ត្រីបង្គោលសង្កាត់ប៉ៃលិន។
សមាសភាពចូលរួមមានអនុប្រធាន និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកអធិការ លោកមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ នាយកក្រុមហ៊ុនអគ្គីសនី នាយិកាក្រុមហ៊ុនទឹកស្អាត និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ៨៧នាក់។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ការរៀបចំវេទិកាសាធារណៈនេះឡើងក្នុងគោលបំណងសំដៅដល់ការចូលរួម គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនា ឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ម៉្យាងវិញទៀត វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាឱកាសដ៏វិសេសវិសាលនេះ យើងអាចចាប់ផ្តើមស្វែងយល់អំពីគ្នា បំពេញការងាររួមគ្នា និងបន្តខិតខំប្រឹងប្រែងទាំងអស់គ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីបន្តនិរន្តរភាពការងារ ស្របតាមការសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំរិះរកមធ្យោបាយថ្មី វិធីសាស្ត្រថ្មីៗ ដើម្បីសម្រេចឱ្យបានស្នាដៃថ្មីៗ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសការជួបសំណេះសំណាល និងប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ សង្កាត់ ភូមិ នៅតាមមូលដ្ឋានដើម្បីលើកកម្ពស់ និងការផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមការងាររាជរដ្ឋាភិបាល។
លោកបណ្ឌិត កែរ រដ្ឋា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ចំណុះក្រោមរដ្ឋបាលក្រុងប៉ៃលិន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យក្រុងប៉ៃលិន សម្រេចបាននូវសមិទ្ធិផលថ្មីៗជាច្រើនកន្លងមក។
លោកបណ្ឌិត កែរ រដ្ឋា បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងនោះរាជរដ្ឋាភិបាលថ្មី បានសម្រេចបន្តចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យមានសកម្មភាពផុលផុសនៅតាមមូលដ្ឋានដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល និងការសម្រេចរបស់ទេសរដ្ឋមន្រ្តី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានចាត់ឱ្យលោកស្រី អុង សុភាវី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន និងមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន ក្នុងកិច្ចសហការ និងការអនុវត្តតួនាទី ភារកិច្ច ស្របតាមសេចក្តីណែនាំលេខ ០៤ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យជូនជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងស្ថាប័ន តាមតួនាទីភារកិច្ច មានដូចខាងក្រោម៖
១៖ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយ ត្រូវសហការធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន។
២៖ ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាព ស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម សំណូមពរ ក្តីកង្វល់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៣៖ ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការបំពេញការងារស្របតាមតួនាទី សមត្ថកិច្ចរបស់ខ្លួនក្នុងការជំរុញ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
៤៖ សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន (ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ)
៥៖ សហការគាំទ្រ និងចូលរួមធ្វើអន្តរាគមន៍ដល់មូលដ្ឋាននៅពេលមានគ្រោះធម្មជាតិ ជំងឺឆ្លង រាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ។
៦៖ កៀរគរធនធាន មធ្យោបាយ សម្ភារពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍ មូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត កែរ រដ្ឋា ស្នើសុំដល់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងយកចិត្តទុកដាក់ជាអាទិភាពដូចខាងក្រោម៖
១៖ យកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។
២៖ ចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធី គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
៣៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងបន្ទុករបស់រាជរដ្ឋាភិបាល ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
៤៖ ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
៥៖ ខិតខំបំពេញតាមការចាត់តាំងក្នុងមូលដ្ឋានដើម្បីថែរក្សានូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញនូវការអភិវឌ្ឍប្រទេសជាតិ។
៦៖ គាំទ្រ និងជំរុញការលើកកម្ពស់វិស័យសុខាភិបាល អប់រំ គាំពារសង្គម និងការអប់រំមូលធនមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិ។។
៧៖ ចាត់ទុករាល់បញ្ហាប្រឈម សំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាបញ្ហាចម្បង និងចូលរួមសហការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ហាផ្សេងៗក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
៨៖ តាមដាននូវរាល់សកម្មភាព និងការឃោសនាបំភ្លើសរបស់ពួកជនអនាមឹកមួយចំនួន ក្នុងន័យបំផ្លាញសុខសន្តិភាពរបស់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត៕