(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលរតនគិរី នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកកិច្ចប្រជុំរវាងក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រី ស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ប្រតិភូអមដំណេីរ ប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញារង នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី ប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក នាយក នាយិកា ទីចាត់ ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញ ពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ “ខ” ររដ្ឋបាលសាលាខេត្ត។

លោក ថង សាវុន បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តរតនគិរីដែលជាខេត្តដ៏ឆ្ងាយ និងដាច់ស្រយាលមួយនេះ។

លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនអំពីកិច្ចខិតខំរបស់មន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូន ប្រជាពលរដ្ឋ ប្រកបដោយសុខុដុមរមនា និងសម្បូរសប្បាយ។ ដែលសកម្មភាពនេះបានស្តែងឱ្យឃើញពីកិច្ច ខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ចដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរសកម្មនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួម របស់មូលដ្ឋាន។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមកគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងទូទាំងប្រទេស។

លោកបានជំរុញដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឱ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យ ជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋាន គតិយុទ្ធជាធរមានឱ្យបានទាន់ពេល។ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឱ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងនៅកម្ពុជា។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឱ្យឃើញជនល្មើស និងជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់។

នាយឧត្តមសេនីយ៍ ក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល។ ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ៕