(ភ្នំពេញ)៖ លោក សឿង សុធានី ក្នុងនាមប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និងបងប្អូនខ្មែរក្រោមនៅកម្ពុជា ងាកមកប្រើប្រាស់បណ្ដាញទំនាក់ទំនង CoolApp ដើម្បីទំនាក់ទំនងគ្នា ជំនួសបណ្ដាញទំនាក់ទំនង Telegram ដែលអាជ្ញាធរប្រទេសវៀតណាម ព្រមានបិទឈប់ឱ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការបង្ហោះផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក សឿង សុធានី។

នៅក្នុងសារអំពាវនាវរបស់លោក សឿង សុធានី បានបញ្ជាក់លម្អិតថា៖ «ក្នុងនាមប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា អំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និងបងប្អូនខ្មែរក្រោមនៅប្រទេសកម្ពុជា ប្រើប្រាស់ CoolApp ដើម្បីទំនាក់ទំនងទាំងអស់គ្នា គាប់ជួនដែលអាជ្ញាធរវៀតណាមគេបិតមិនឲ្យប្រើប្រាស់Telegram បន្តទៀតនិងជាការលើកតម្កើងស្នាដៃកូនខ្មែររបស់យើងផង ដើម្បីសុវត្ថិភាពទំនាក់ទំនងផង»

ជុំវិញការប្រកាសបិទបណ្ដាញទំនាក់ទំនង Telegram ក្នុងប្រទេសវៀតណាម យោងតាមឯកសារចុះថ្ងៃទី២១ ខែឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាម នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។

ខណៈនៅប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនង CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋខ្មែរ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនរហូតដល់ជាង៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ។

សូមជម្រាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕