(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកកិច្ចប្រជុំរវាងក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រី ស្តីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តរតនគិរី។
កិច្ចប្រជុំមានមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីប្រតិភូអមដំណើរ ,ប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញា, អភិបាលរងខេត្ត, នាយក-នាយករង រដ្ឋបាលសាលាខេត្ត, មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី, ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុកទាំង៩, ឃុំសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធ ចំណុះរដ្ឋបាលសាលាខេត្ត ជាច្រើនរូបទៀត។
លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្តរតនគិរីដែលជាខេត្តដ៏ឆ្ងាយនិងដាច់ស្រយាលមួយនេះ។
លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនអំពីកិច្ចខិតខំរបស់មន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូន ប្រជាពលរដ្ឋ ប្រកបដោយសុខុដុមរមនា និងសម្បូរសប្បាយ។ ដែលសកម្មភាពនេះបានស្តែងឱ្យឃើញពីកិច្ច ខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ចដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរសកម្មនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួម របស់មូលដ្ឋាន។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា យោងតាមបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចមកគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្មកម្ម កម្ពុជា (គ ល ក) ត្រូវបិទ និងនិរាករណ៍ អាជ្ញាប័ណ្ណនោះ ដែលជាអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងទូទាំងប្រទេស។
លោកបានជំរុញដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យ ជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋាន គតិយុទ្ធជាធរមានឲ្យបានទាន់ពេល។ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងនៅកម្ពុជា។ ហើយក្នុងកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និងជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់។
លោកនាយឧត្តមសេនីយ៍ ក៏បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល។ ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ៕