(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើឲ្យចិនចាប់អារម្មណ៍កម្ពុជា នៅឆ្នាំ២០២៥នេះ។ ទី១ ការអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ស៊ី ដែលភាគីទាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា «ការកសាងសហគមន៍រួមវាសនា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» និងទី២ ការណ៍ដែលកម្ពុជានឹង ដាក់សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឲ្យភ្ញៀវទេសចរចិន ចាប់អារម្មណ៍កម្ពុជាខ្លាំង។
លោកបន្ថែមថា ៖ “ កម្ពុជា និងចិនមានមិត្តភាពយូរឆ្នាំ គឺប្រមាណ ២ពាន់ឆ្នាំហើយ តាំងពីជំនាន់នគរទាំង៣ និងនគរភ្នំ ពោលគឺមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ខ្លាំងក្លា។ អីចឹង ការបង្កើត «ឆ្នាំទេសចរណ៍» គឺជាភស្តុតាងនៃកិច្ចសហការនេះ។ ចិន និងកម្ពុជា ជាពិសេសភាគីចិនផ្ទាល់ សូម្បីតែឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងស្ថាប័នព័ត៌មានចិន បានខិតខំផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឲ្យប្រជាជនចិនបានស្គាល់ដែរ។”
លោកបន្តថា ចិនគឺជាប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រ។ រីឯកម្ពុជាមានសម្បត្តិដ៏ល្អបំផុត ដូចជាប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនទៀត ដែលអាចទាក់ទាញទេសចរចិនបានយ៉ាងខ្លាំង។ ការផ្តល់សេវាជាភាសាចិន (រួមមានស្លាកសញ្ញា មគ្គុទេសក៍ទេសចរ និងបញ្ជីម្ហូបអាហារ) ការទទួលទូទាត់តាមកម្មវិធីចិន Alipay, WeChat Pay និងការផ្តល់ទិដ្ឋការឆ្លងដែនងាយស្រួលជាដើម។ មានបណ្តាញជើងយន្តហោះច្រើន ហោះចេញពីចិនមកសៀមរាប ព្រះសីហនុ និងភ្នំពេញ ដែលកំពុងត្រូវបានបង្កើនឡើងវិញ។ ការវិនិយោគក្នុងផ្នែកសណ្ឋាគារ និងសេវាទេសចរណ៍របស់កម្ពុជា ក៏កំពុងរីកចម្រើនផងដែរ។
លោកបញ្ជាក់ថា៖ “ ដូចយើងដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក។ នៅមុនកូវីដ-១៩ ទេសចរចិនគឺជាក្រុមដ៏ខ្លាំងមួយនៅកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខណៈស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រឡប់មកវិញ កម្ពុជាមានឱកាសមាសក្នុងការទាក់ទាញពួកគេវិញ។ អីចឹងច្បាស់ណាស់ កម្ពុជាបានត្រៀមខ្លួន ដើម្បីទទួលយកទេសចរចិន តាមយុទ្ធនាការផ្សេងៗ។ ”
ក្នុងនោះដែរ លោក កែវ ពិសិដ្ឋ បានលើកពីយុទ្ធនាការផ្សព្វផ្សាយ (Promotional Campaigns) ដែលជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចរចិន ឲ្យមកកម្ពុជាឆ្នាំ២០២៥ ដែលបានអនុវត្តការផ្សព្វផ្សាយតាមវិធីសាស្ត្រនានាដូចជា៖ ១៖ កម្ពុជាប្រើ WeChat, Weibo, Douyin និង TikTok ជាដើម ដើម្បីផ្សព្វផ្សាយវីដេអូ និងរូបភាពអំពីសម្បត្តិទេសចរណ៍កម្ពុជា។ ការបង្កើតគណនីផ្លូវការរបស់ក្រសួងទេសចរណ៍ ឬភ្នាក់ងារងារសាធារណៈ ដើម្បីបន្តការផ្សព្វផ្សាយជាប្រចាំ។ ការជ្រើសយក អ្នកមានឥទ្ធិពល (influencers) ចិន ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ឬមានអ្នកតាមច្រើន ដើម្បីបង្ហាញបទពិសោធន៍ខ្លួន ជាភាសាចិនផងដែរ។ អីចឹង ដូចថ្មីៗនេះ យើងឃើញរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបនឹងអ្នកមានឥទ្ធិពលចិនហើយ។ ២៖ ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសចិន ( China International Travel Mart)។ ការរៀបចំកម្មវិធី «ផ្លូវទេសចរកម្ពុជា “Cambodia Tourism Roadshow” » នៅទីក្រុងធំៗដូចជា បេជាំង សៀងហៃ ហុងកុង ជាដើម និងបង្កើតកម្មវិធីផ្សព្វផ្សាយរួម (Joint Marketing Campaign) ជាមួយអង្គភាពទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរនៅទីនោះ។ ទាំងអស់នេះ សុទ្ធតែរុញចិត្តចិនចង់មកលេងកម្ពុជា។៣៖ ការផ្សព្វផ្សាយតាមទូរទស្សន៍ ក្នុងយន្តហោះ និងគេហទំព័រអាកាសចរណ៍ចិន រួមមាន China Southern, China Eastern, Spring Airlines ជាដើម។
ការបង្កើតកញ្ចប់ទេសចរណ៍ពិសេស ជាមួយក្រុមហ៊ុនទេសចរចិន ដោយរួមបញ្ចូលកម្មវិធី «ទស្សនាកម្ពុជាឆ្នាំ២០២៥ “Visit Cambodia Year 2025” ផងដែរ» និង៤៖ ការបង្កើតវីដេអូប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងទេសភាពធម្មជាតិជាភាសាចិន ការបោះពុម្ពបណ្ណសារ ឯកសារ ប័ណ្ណឯកស្សិនភាគ (brochure) និងគេហទំព័រព័ត៌មានទេសចរណ៍ជាភាសាចិន ព្រមទាំងការអភិវឌ្ឍកម្មវិធីស្មាតហ្វូន ឬបណ្តាញព័ត៌មានបកប្រែភាសាចិនសម្រាប់ទេសចរ ជាដើម។ យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕
វិទ្យុមិត្តភាពកម្ពុជាចិន