(ព្រះវិហារ)៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។

ការផ្ដល់ជូនអាហារូបករណ៍ពី សំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្ត កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិត យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។

មុខជំនាញដែលកំពុងមានតម្រូវការក្នុងទីផ្សារទាំង៤មុខនេះ រួមមាន៖ ទី១៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ ទី២៖ សេវាកម្មកុំព្យូទ័រ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ ទី៣៖ សេវាកម្មបរិក្ខារ ត្រជាក់ក្នុងគេហដ្ឋាន ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ និងទី៤៖ សេវាកម្មសម្អាងកាយ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ដែរ។

ការទទួលពាក្យចូលសិក្សាមុខជំនាញ TVET ទាំង៤មុខនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះកាលបរិច្ឆេទ ចូលសិក្សា គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ប្រសិនបើយុវជនគោលដៅទាំងពីរក្រុមខាងលើចាប់អារម្មណ៍ក្នុងការសិក្សាមុខជំនាញនេះ សូមទាក់ទង មកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ដែលមានទីតាំងនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ក្រោយសាលាខេត្តព្រះវិហារ) ឬតាមមន្ត្រីចុះផ្សព្វផ្សាយតាមរយៈ QR Code មាននៅក្នុង សេចក្ដីជូនដំណឹងរបស់វិទ្យាស្ថានដែលភ្ជាប់មកជាមួយនេះ ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧១ ២៨៦ ១៧៧៦ / ០៨៨ ៥៤១ ៥៥៦៦ / ០១២ ៦៤១ ៣២០ / ០៩២ ៨៨ ៧៨ ៩៨។

គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាល ពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការនីផងដែរ ដែលអាចដាក់ពាក្យចូល សិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិន ទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕