(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន-អនុប្រធាន គណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ។
លោក ស្រ៊ុន ស្រ៊ន់ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សកម្មភាពសង្ខេបការងារ និងលទ្ធផលសំខាន់ៗ របស់ស.ស.យ.ក. ខេត្ត ដែលគូសបញ្ជាក់ពីការចូលរួមរបស់យុវជនខេត្តកំពង់ស្ពឺ ក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជន ក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានលើកឡើងថា សមាជិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ អរគុណចំពោះលោក ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយសមាជិក សមាជិកា ស.ស.យ.ក.ខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តកិច្ចការងារសង្គមនៅក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានោះ ស.ស.យ.ក គ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រីកសកម្មភាពការងារ ឲ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅទាក់ទាញយុវជន និងដណ្តើមបាននូវសមានចិត្តពីមហាជនទូទាំងខេត្ត។
លោកបន្ថែមថា សមាជិកទាំងអស់ ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ការងារចូលរួមចំណែកជាមួយគ្រប់ភាគីពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ កុមារកំព្រា ជនចាស់ជរា និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន ដើម្បីឲ្យពលរដ្ឋមានការគាំទ្រពីមជ្ឈដ្ឋានមហាជន និងយុវជន ក្នុងបុព្វហេតុ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នេះហើយជាគុណតម្លៃ និងបុព្វហេតុ នៃសកម្មភាពទាំងឡាយរបស់ ស.ស.យ.ក. ដែលបានបង្កប់នូវអត្ថន័យលើសពីគ្រាន់តែជារូបភាព។ ចំពោះ «ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ» ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារវិញនៅដំណែង ឬក៏តួនាទីណាមួយនោះទេ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ដថា តាមរយៈវេទិកា ស.ស.យ.ក. សមាជិក សមាជិកាម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សាភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។ លោកសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិ ដើម្បីផ្តល់ឱកាសឲ្យបំពេញកិច្ចការងារធំណាមួយ។
សូមជម្រាបជូនថា សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន២១៦រូប ត្រូវបានប្រកាសទទួលស្គាល់ ដោយក្នុងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជា ប្រធានកិត្តិយសស.ស.យ.ក.ខេត្តកំពង់ស្ពឺ ដោយមានលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន៕