(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញការគាំទ្រឲ្យលោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បន្ដធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជនប្រជាជននៃប្រទេសទាំងពីរ។
ការលើកឡើងរបស់លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា។ ជំនួបសម្ដែងការគួរសមនេះ បានធ្វើឡើងនៅវិមានសន្ដិភាព។
ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ និងបានលើកឡើងអំពីទំនាក់ទំនងល្អ លើវិស័យការទូតរវាងកម្ពុជា-ថៃ ជាង៧៥ឆ្នាំកន្លងមកនេះ ដែលភាគីទាំងពីរ ត្រូវបន្តពង្រឹងមិត្តភាពព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាមួយគ្នាបន្ដទៀត។
លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសវិស័យសន្ដិសុខ ការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយលោកបានចាត់ទុកថា ប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មមួយដ៏ល្អ ដើម្បីជំរុញសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានលើកឡើងទៀតថា នាពេលកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សកិច្ចនៅប្រទេសថៃ ហើយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក៏បានមកបំពេញទស្សកិច្ចនៅកម្ពុជា ចំនួនពីរលើករួចមកហើយ។ លើកទី១ ក្នុងនាមជាប្រធានបក្សនិងលើកទី២ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាពទាំងកម្រិតរដ្ឋាភិបាល រហូតដល់ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណលោកសន្ដិបណ្ឌិត នេត សាវឿន ចំពោះការអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ព្រមទាំងកោតសរសើរកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ប្រៀបដូចជាការទៅលេងផ្ទះសាច់ញាតិជិតខាងចាស់ទុំយ៉ាងដូច្នេះដែរ។
លោកក៏បានគូសបញ្ជាក់ថា នេះជាដំណើរទស្សកិច្ចលើកទី២មកកម្ពុជា លើកទី១ បានអមប្រធានរដ្ឋសភាថៃ ជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងដំណើរទស្សនកិច្ចលើកទី២នេះ បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកសន្ដិបណ្ឌិត នេត សាវឿន ផ្ទាល់នាឱកាសនេះ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញមិត្តភាពល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ អស់រយៈពេល៧៥ឆ្នាំមកនេះ។
លោកប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សូម្បីតែរវាងខេត្ត និងខេត្ត ព្រមទាំងប្រជាជននិងប្រជាជន ត្រូវបន្តសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា លោកបានមានជំនួបពិភាក្សាការងារជាមួយអភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣ខេត្ត រួមាន កោះកុង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងគោលបំណងជំរុញឲ្យរដ្ឋបាលខេត្តជាប់ព្រំដែន បន្តសហប្រតិបត្តិការល្អ ដើម្បីរក្សាសន្តិសុខ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងបន្តសាមគ្គីភាពព្រំដែនឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានបញ្ជាក់អំពីគ្រោងជួបពិភាក្សាការងារជាមួយ បណ្ដាធុរកិច្ចថៃនៅកម្ពុជាផងដែរ។ ចំណុចនេះ លោកសន្ដិបណ្ឌិត បានលើកទឹកចិត្ត និងជំរុញបន្ថែមក្នុងជំនួបនោះ ដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យធុរកិច្ចជាកម្លាំងចលករ និងដៃគូដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម ហើយប្រសិនបើសិនមានសំណូមពរចាំបាច់ណាមួយ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កលក្ខណៈជូន។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានស្នើឲ្យភាគីថៃ បន្តជួបពិភាក្សាការងារជាមួយអភិបាលខេត្តជាប់ព្រំដែនជាមួយថៃផ្សេងទៀត មានដូចជាខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង សំដៅបន្ដលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវសុទិដ្ឋនិយមថា ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នឹងបន្ដកិច្ចសហការយ៉ាងស្អិតរមួតជាមួយគ្នាបន្ថែមទៀត ដើម្បីបង្កើតបាននូវលទ្ធជាផ្លែផ្កាដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕