(តាកែវ)៖ ពងទាកូនស្រែរនោង ខេត្តតាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានភាពល្បីល្បាញផងនោះ គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត នៅក្រសួងពាណិជ្ជកម្ម នាពេលខាងមុខនេះ។ នេះបើយោងតាមលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីការប្រើប្រាស់ជីសេរីរាង្គផលិតចេញឡជីវៈឧស្ម័ន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរកសិកម្មខេត្តតាកែវ។

លោក កែវ ផល បានបញ្ជាក់ថា បន្ទាប់ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទៅលើផលិតផល «បង្កងតាកែវ» ដែលធ្វើឲ្យតម្លៃបង្កងមានការកើនឡើង និងមានតម្លៃល្អ អាជ្ញាធខេត្តតាកែវ រួមជាមួយក្រសួងកសិកម្ម កំពុងតែសិក្សាពីលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីម៉ាកពងទាកូន ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ទៅក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខនេះផងដែរ។

សូមជម្រាបថា ខេត្តតាកែវ មានការចិញ្ចឹមទាសរុបជាង១លានក្បាល ក្នុងនោះមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន និងមានកន្លែងភ្ញាស់ពងទា ចំនួន៧៤កន្លែង។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ពងទាកូនស្រែរនោង» លើទីផ្សារ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ កាន់តែច្រើនឡើងផងដែរ៕