(រតនគិរី)៖ ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងអាវុធហត្ថខេត្តរតនគិរី សម្រាប់ជូនដំណើរយោធិន ទៅហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តំណាងលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បានប្រគល់អំណោយភេសជ្ជៈចំនួន២៥កេស, ស្រាបៀរចំនួន២៥កេស ជូនលោកវរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី។
លោក ស្រី សុផាន់ណា តំណាងសប្បុរសជនខាងលើ បានឲ្យដឹងថា ទោះបីអំណោយមានតិចតួចក្តី តែនេះជាទឹកចិត្តជ្រះថ្លាជួយកងកម្លាំងបានមួយចំណែកដែរ។
តំណាងសប្បុរសជនរូបនេះបន្តថា លោកឧកញ៉ា ចិន សំណាង និងលោកស្រី កន្លងមកបានជួយឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗជូនរដ្ឋបាលខេត្តរតនគិរីសម្រាប់ប្រើប្រាស់ ហើយកាលពីចូលឆ្នាំថ្មី (ឆ្នាំម្សាញ់) កន្លងទៅគ្រួសារ លោកបានជួយឧបត្ថម្ភភេសជ្ជៈដល់កងកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីផងដែរ។
លោកវរសេនីយ៍ឯក មួន សុវណ្ណដា តំណាងឲ្យលោកមេបញ្ជាការ និងកងកម្លាំងអាវុធហត្ថខេត្តរតនគិរីទាំងអស់ថ្លែងអំណរគុណចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភភេសជ្ជៈ, ស្រាបៀរ សម្រាប់ចាត់ចែងក្នុងពិធីខាងលើ និងសូមជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងបុគ្គលិកក្នុងហាងទាំងអស់ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លៀតឡើយ៕