(កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០២៥ រយៈពេលជិតកន្លះខែ នឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះហើយ ដោយបានផ្តល់នូវបទពិសោធន៍ ចំណេះជំនាញថ្មីៗ និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងកងទ័ពកម្ពុជា និងចិនលើកិច្ចការប្រឆាំងភេរវកម្ម និងកិច្ចការសង្គ្រោះ។
ពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៥រវាងកងទ័ពកម្ពុជា-ចិន នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីឯក វៃ វិនហ៊ួយ ( WEI WENHUI ) មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
មុនឈានដល់ការរៀបចំពិធីបិទសមយុទ្ធឆ្នាំ២០២៥ជាផ្លូវការ, នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការសមយុទ្ធភាគីកម្ពុជា បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់នូវការហាត់សមរបស់កងទ័ពកម្ពុជា និងចិន ដើម្បីត្រៀមបង្ហាញក្នុងពិធីបិទនាថ្ងៃស្អែក។
ក្នុងពិធីហាត់សមនាព្រឹកថ្ងៃនេះ កងទ័ពកម្ពុជា-ចិន បានបង្ហាញឈុតឆាកប្រតិបត្តិការទាំងឡាយក្នុងការកម្ទេចក្រុមភេរវករ និងរំដោះជនរងគ្រោះចេញពីការចាប់ជម្រិតរបស់ភេរវករ ទៅតាមអ្វីដែលពួកគេបានហ្វឹកហាត់រួមគ្នារយៈពេលជិតកន្លះខែមកនេះ។ ឈុតឆាកដែលបង្ហាញនាព្រឹកថ្ងៃនេះ គឺដូចគ្នាទៅនឹងការបង្ហាញរបស់ពួកគេក្នុងថ្ងៃបិទកម្មវិធីសមយុទ្ធនាថ្ងៃទី២៨ ខែឧសភាផងដែរ។
ឈុតឆាកសមយុទ្ធដែលកងទ័ពកម្ពុជា និងចិន បានបង្ហាញនេះ ត្រូវបានបែងចែកជាបួនដំណាក់កាលរួមមាន៖ ដំណាក់កាលសហការបិទខ្ទប់ទីតាំង ដំណាក់កាលវាយលុកចូលរំដោះចំណាប់ខ្មាំង ដំណាក់កាលវាយចូលបោសសំអាត និងដំណាក់កាលចូលគ្រប់គ្រងទីតាំងទាំងមូល។ ការសម្តែងសមយុទ្ធនេះចែកចេញជា៦ប្រតិបត្តិការប្រយុទ្ធរួមមាន៖ ប្រតិបត្តិការស៊ើបការណ៍គ្រប់ផ្នែក, ប្រតិបត្តិការសហការបាញ់កម្ទេច, ប្រតិបត្តិការវាយលុកពីគ្រប់ផ្នែក, ប្រតិបត្តិការរំដោះចំណាប់ខ្មាំង, ប្រតិបត្តិការចូលបោសសំអាតភេរវករសេសសល់ និងប្រតិបត្តិការសង្គ្រោះបន្ទាន់។
ក្នុងប្រតិបត្តិការនេះគេបានប្រើប្រាស់កម្លាំងទ័ពថ្មើរជើង ប្រើប្រាស់កាំភ្លើងធំប្រតិកម្មចល័តលើរថយន្ត, កាំភ្លើងត្បាល់, យន្តយុទ្ធកង់កៅស៊ូ, រថពាសដែកកង់ច្រវ៉ាក់, រថយន្តដឹកនាំបញ្ជាស៊ី៥ (C5), គ្រឿងយន្តគ្មានមនុស្សបើក, ឧត្ថម្ភាគចក្រ, ដ្រូនស៊ើបការ, ដ្រូនវាយលុក, អាវុធធុនធ្ងន់ ធុនស្រាល និងបរិក្ខារស៊ើបការណ៍, បរិក្ខារសុខាភិបាលវេជ្ជសាស្ត្រ, សម្ភារៈបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនធំទៀត។
ឈុតឆាកសម្តែងសមយុទ្ធដែលបានបង្ហាញនោះ នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់បំផុត។ ជាពិសេសតាមរយៈឈុតឆាកសម្តែងសមយុទ្ធបានបង្ហាញឱ្យឃើញនូវស្មារតីរួបរួមគ្នាជាធ្លុងរវាងកងទ័ពកម្ពុជា និងចិន បើទោះបីពួកគេនិយាយភាសាផ្សេងគ្នា ប៉ុន្តែពួកគេបានយល់ចិត្តគ្នា និងធ្វើការយ៉ាងស្រុះគ្នាតាមរយៈការបញ្ជារបស់មេបញ្ជាការ។ បន្ថែមពីលើនោះ ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏ខ្លាំងពូកែរបស់កងទ័ពកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីពួកគេបានហ្វឹកហាត់រួមគ្នាក្នុងរយៈពេលជិតកន្លះខែមកនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះសមត្ថភាពនៃការបង្ហាញរបស់កងទ័ពប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចាត់ទុកសមត្ថភាពដែលបានស្តែងចេញនេះ បង្ហាញច្បាស់នូវប្រសិទ្ធភាពនៃការហ្វឹកហាត់រួមគ្នារបស់កងទ័ពប្រទេសទាំងពីរនាពេលកន្លងមកនេះ។
លោក ឥត សារ៉ាត់ ក៏បានកោតសរសើរដល់ការប្រឹងប្រែងដឹកនាំហ្វឹកហ្វឺនរបស់ថ្នាក់ដឹកនាំសមយុទ្ធទាំងពីរភាគីកម្ពុជា-ចិន ហើយក៏សរសើរដល់ស្មារតីយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរបស់កងទ័ពកម្ពុជា-ចិន ក្នុងការបង្កើនសមត្ថភាពឆ្លើយតបបញ្ហាពេលដែលប្រទេសជាតិត្រូវការ។
សូមបញ្ជាក់ថា ក្រោមចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា និងចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យការពារជាតិ។
ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា និងចិន បានបង្កើតឱ្យមានលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពប្រទេសទាំងពីរតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ លំហាត់សមយុទ្ធនេះ ត្រូវបានប្រទេសទាំងពីរប្រសិទ្ធនាមថា «សមយុទ្ធនាគមាស»។ សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិន ត្រូវបានធ្វើឡើងដោយផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម និងការជួយសង្គ្រោះគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ។ ការប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះ គឺជាក្តីបារម្ភរួមរវាងកម្ពុជា និងចិន ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន៕