(បន្ទាយមានជ័យ)៖ មណ្ឌលសុខភាពចំនួន២ រួមមាន៖ មណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមគម្រោងថវិកាគុណប្រយោជន៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីនេះ មានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក តាន់ ផាន់ណារ៉ា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូជ្រៅ ប្រារព្ធធ្វើនៅបរិវេណមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ដើម្បីឱ្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយភាពល្អប្រសើរ ពិសេសវិស័យសុខាភិបាល លោក អ៊ុំ រាត្រី ផ្តល់អនុសាសន៍លើចំណុចសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចំនួន៦ចំនុច សំខាន់ៗរួមមាន៖
១៖ យកចិត្តទុកដាក់លើការងារសំខាន់ចាំបាច់នានាដូចជា ការរៀបចំសួនច្បារ សោភ័ណភាព អនាម័យល្អ បរិស្ថានស្អាត ការដាំដើមឈើឱ្យមានពណ៌បៃតងជានិច្ច តាមរយៈការសហការ និងកៀរគរ ឱ្យមានការចូលរួមពីសំណាក់ព្រះសង្ឈ នាយកសាលាសិស្សានុសិស្ស អង្គការដៃគូ សប្បុរជន អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះគឺជាគំរូដ៏ល្អ សម្រាប់ការងារសង្គមទាំងមូល,
២៖ លោក លោកស្រី ប្រធានមណ្ឌលសុខភាពដែលទទួលបាននូវសមិទ្ធផលថ្មីនេះ ត្រូវយកចិត្តទុកដាក់ថែទាំអគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ
៣៖ មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រ ដោយមិនត្រូវគិតពីរបាំងហិរញ្ញវត្ថុ,
៤៖ បន្តការយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មតាមដានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងទៀត ដែលអាចមានហានិភ័យខ្ពស់ចំពោះសុខភាព
៥៖ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមសហការ និងជួយគាំទ្រដល់ការថែទាំសុខភាពបឋម និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីសុខាភិបាលដែលបម្រើការនៅមូលដ្ឋានសុខាភិបាល អាចអនុវត្តការបំពេញភារកិច្ចដោយបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់
៦៖ អំពាវនាវដល់អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន បន្តការជួយគាំទ្រ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យបន្តទៀត។
សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង២កន្លែង មានទំហំខ្នាត១៥ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់២ជាន់ដូចគ្នា ទាំងមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក ទាំងមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ដែលចំណាយថវិកាអស់សរុបចំនួន ១,៨២០,០០០,០០០រៀល ស្មើនឹងប្រមាណជាជាង៤៥ម៉ឺនដុល្លាអាមេរិក៕