(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ទីប្រឹក្សាអមក្រសួង, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែឧសភា ដោយបានបញ្ជាក់វឌ្ឍនភាពក្នុង និងគិតជារួមរយៈពេល ៥ខែ ព្រមទាំងការដាក់ទិសដៅការងារបន្តក្នុងខែមិថុនា ឆ្នាំ២០២៥ តាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងារបន្ដរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅតាមបណ្តាមនី្ទរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង និងស្របតាមគោលការណ៍ «រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ» រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំទាំងមូល ទាំងនៅក្នុងកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍និងទិសដៅការងារដែលដាក់ចេញ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះផងដែរ មុននឹងបញ្ជប់នៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០% ក្នុងនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បន្ដអនុវត្តតួនាទី ភារកិច្ច ឱ្យមានប្រសិទ្ធភាព ស្របតាមទិសដៅដែលបានគ្រោងក្នុងផែនការ, បន្ដជំរុញការអនុវត្តផែនការសកម្មភាពជាតិស្ដី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ជាពិសេសការជំរុញការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបាននៅក្នុងឆ្នាំ២០២៥នេះ, មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក និងអនាម័យជនបទ ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយបុរេសកម្ម ក្នុងអំឡុងពេលនៃរដូវវស្សានេះដើម្បីងាយស្រួលដោះស្រាយការប្រឈមនានាដែលកើតឡើងជាយថាហេតុ៕