(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ទួលព្រះធាតុ» ហៅវត្តទួលភ្លង ស្ថិតនៅក្នុងភូមិ សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

លោកបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីក្នុងនាមជាពុទ្ធសាសនិកជិតឆ្ងាយបានចូលរួមបច្ច័យ សម្ភារ ស្មារតីក្នុងការសហការកសាងនូវសមិទ្ធផលនានានៅក្នុងអារាមដ៏កំសត់មួយនេះ ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍និងថែរក្សាពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សជាពិសេសធ្វើវត្តអារាមនេះកាន់តែរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ដែលបានស្វះស្វែង កៀរគរ មូលធន បច្ច័យ ពីទីជិតឆ្ងាយ មិនថាយប់ថ្ងៃដោយមិនខ្លាចនឿយហត់សម្រាប់អភិវឌ្ឍន៍ វត្តនេះប្រកបដោយស្មារតីទទួលខុសត្រូវព្រមទាំង មានសាមគ្គីភាពគ្នាខ្ពស់ជាពិសេសការប្រើប្រាស់បច្ច័យធនធានប្រកបដោយតម្លាភាពនិងគណនីយភាព។

លោកបានថ្លែងអំណរគុណនិងកោតសរសើរជាអនេកដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមសហការទាំងបច្ច័យ ធនធាន សម្ភារ កម្លាំងកាយចិត្ត ស្មារតីសព្វបែបយ៉ាងសម្រាប់ចូលរួមកសាងអភិវឌ្ឍន៍នូវ សមិទ្ធផលនានានៅក្នុងវត្តទួលព្រះធាតុនេះ ដែលជាការចូលរួមយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលនិងគណៈកម្មការចារវត្តក៏ដូចជាការសន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះ និងអនាគតជាតិក៏ដូចជាទ្រទ្រង់ពុទ្ធសាសនាឱ្យគ្រប់៥,០០០ព្រះវស្សា។

ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា សូមជួយជាសំភារៈថវិកានិងស្មារតីសម្រាប់កែប្រែនិងអភិវឌ្ឍន៍ «ស្តូបតម្កល់អដ្ឋិធាតុ» ប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ក្នុងរបបអាវខ្មៅយង់ឃ្នង នៅក្នុងវត្តទួលប្រធាតុនេះក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្ត្រនិងទេសចរណ៍ សម្រាប់យុវជនជំនាន់ក្រោយបានដឹងបាន និងឃើញនូអំពើដ៏អនុស្សធម៌របស់បនប្រល័យពូជសាសន៍ ក៏ដូចជាចូលរួមអភិវឌ្ឍន៍វត្តអារាមួយនេះផងដែរ។

សូមបញ្ជាក់ថា ការកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ស្រះទឹក របង ដងទង់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាជាច្រើនទៀតហើយ លោកអភិបាលស្រុកស្ទោងនិងសហការី បានចូលបុណ្យនូវបច្ច័យចំនួន ៧២០,០០០រៀលនិងសប្បុរសចូលរួមបាន៣,៥៧០,០០០រៀលផងដែរ៕