(ភ្នំពេញ)៖ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោក វង សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីលោក លោកស្រី ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

នៅក្នុងសេចក្តៅប្រកាសព័ត៌មានពីរបស់អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា

កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចខាងក្រោម៖

១៖ បានអនុម័តលើសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានូវ៖ ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ប្រធានបទអំពីវិស័យកសិកម្ម។ ដោយមានសំឡេង​អនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

២៖ បានអនុម័តនូវសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ៤រូប មាន៖ ឯកឧត្តម ឃុត ចាន់ដារ៉ា, ឯកឧត្តម សេង ញ៉ក់, ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម ឈើយ ចាន់ណា
សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

៣៖ បានអនុម័តសេចក្តីព្រាងរបៀបវារៈទី១ ទី២ ទី៣ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនៅវិមានរដ្ឋសភា ដែលមានរបៀបវារៈចំនួនបី មាន៖
របៀបវារៈទី១៖ ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។
របៀបវារៈទី២៖ ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
របៀបវារៈទី៣​៖ ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម៕