(កូឡាឡាំពួរ)៖ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដល់ទីម័រឡេស្តេ ឱ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន។

គណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេ នៅថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាមិនផ្លូវការជាមួយ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នៅក្នុងប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ ភាគីទីម័រឡេស្តេរីករាយណាស់ចំពោះដំណឹងបានចូលសមាជិកអាស៊ានចុងឆ្នាំនេះ និងសម្ដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះទីម័រឡេស្តេ។

សូមបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសឱ្យចូលជាសមាជិកពេញសិទ្ធិអាស៊ាន ទី១១ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ៕