(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគមនិស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម/ត្បូងឃ្មុំ និងសមាជិកសមាជិកាជាច្រើនរូបផ្សេងទៀត។
នាឱកាសនោះ លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានថ្លែងថា លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គម បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ តាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម (SAS) បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ។
លោកបានបន្តថា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាតាមបណ្តាខេត្ត/មូលដ្ឋាន មានការរីកចម្រើនទាំងវិស័យអប់រំ សង្គមសេដកិច្ច មានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយសមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។
ជាមួយគ្នានេះលោក ព្រំ ម៉ារ៉ាឌី បានលើកឡើងថា នេះក៏ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហិង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។
សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានាជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់ សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើប ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណាឱ្យនិស្សិត ឬយុវជន បានរៀនជំនាញវែងឬជំនាញខ្លី រៀនចប់ត្រូវមានការងារធ្វើ៕