(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពបិទ «មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥»។
ក្នុងនោះរកឃើញម្ចាស់ជ័យលាភីចំនួន៥ ក្រុមរួមមាន៖ ជ័យលាភីលេខ១ បានទៅលើក្រុមមកពីសាលាបឋមសិក្សា ព្រះនរោត្តម, ជ័យលាភីលេខ២ បានទៅលើក្រុមមកពីសាលាបឋមសិក្សា វត្តរាជបូណ៌, ជ័យលាភីលេខ៣ បានទៅលើក្រុមមកពីសាលាបឋមសិក្សា វត្តកោះ, ជ័យលាភីលេខ៤ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េ និងជ័យលាភីលេខ៥ បានទៅលើក្រុមមកពីសាលាបឋមសិក្សា គៀនឃ្លាំង។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញសេចក្តីសោមនស្សក្រៃលែង និងមានមោទនភាពជាខ្លាំងដែលបានឃើញទេពកោសល្យដ៏អស្ចារ្យ និងគំនិតច្នៃប្រឌិតរបស់ក្មួយៗកុមារដែលបានបង្ហាញសមត្ថភាពតាមរយៈសិល្បៈចម្រៀងនិងតន្ត្រីដ៏រស់រវើកនេះ ព្រមទាំងសូមអរគុណ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្មួយៗទាំង ២៩ក្រុម ដែលបានចូលរួមប្រលងក្នុងមហោស្រពនេះ ពោរពេញដោយសេចក្តីរីករាយ និងភាពជឿជាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា មិនថាក្មួយៗបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ឬយ៉ាងណានោះទេ ក្មួយៗម្នាក់ៗបានចូលរួមចំណែកនូវអ្វីដែលមិនអាចកាត់ថ្លៃបាន គឺសំឡេង ស្មារតី និងភាពអង់អាចក្លាហានរបស់ក្មួយៗ។ ក្មួយៗបានផ្តល់ឱ្យយើងនូវការសម្តែងដែលមិនអាចបំភ្លេចបាន ហើយពូអាចនិយាយបានថា ក្មួយៗទាំងអស់គ្នាគឺជាអ្នកឈ្នះនៅក្នុងក្រសែភ្នែករបស់យើង។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកមហោស្រពនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាក៏ជាវេទិកាមួយសម្រាប់ផ្តល់ឱកាសឱ្យក្មួយៗបានបង្ហាញសមត្ថភាព និងបានជួបប្រាស្រ័យជាមួយមិត្តភក្តិថ្មីៗ ប្រកបដោយក្តីសប្បាយរីករាយ។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានគោលបំណងបង្កើតព្រឹត្តិការណ៍មួយសម្រាប់ក្មួយៗកុមារដែលមានអាយុចន្លោះពី៨ ទៅ ១៣ឆ្នាំ អាចស្វែងយល់អំពីចំណង់ចំណូលចិត្តសិល្បៈរបស់ខ្លួន និងអភិវឌ្ឍទំនុកចិត្តក្នុងការបញ្ចេញមតិរបស់ពួកគេតាមរយៈបទចម្រៀង៕