(ទីក្រុងគួឡាឡាំពួរ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលនាយកប្រតិបត្តិអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងប្រទេសចិន នាព្រឹក ថ្ងៃ ចន្ទ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ នេះ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើការកំណត់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគ នៅច្រករបៀងសេដ្ឋកិច្ចថ្មីដែលជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងប្រទេសចិន។
សូមជម្រាបថា កិច្ចពិភាក្សាតុមូលនាយកប្រតិបត្តិអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងប្រទេសចិនមានការចូលរួមពីបណ្តាធុរកិច្ចមកពីតំបន់អាស៊ាន តំបន់មជ្ឈិមបូព៌ា និងធុរកិច្ចចិន ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការការនៅតំបន់អាស៊ាន តំបន់ឈូងសមុទ្រ និងប្រទេសចិន ក្នុងន័យជំរុញសេដ្ឋកិច្ច៕