(កំពង់ធំ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ ដើម្បីជំរុញឱ្យអាជីវករមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំផង។
ប្រកាសដាក់ខេត្តកំពង់ធំគឺជាខេត្តដំបូង ដែលនឹងអនុវត្តគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវនេះគឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់ធំ។
ថ្លែងទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់ ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៥ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកហែម វណ្ណឌី បានលើកឡើងថា «តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ បងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង»។
សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះ បណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីលើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅឱ្យចុះឈ្មោះតាមថ្នាលជីជីថល និងបានពន្យល់ផងដែរអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានការទទួលបានអត្តសញ្ញាណផ្លូវការ ការលើកលែងកាតព្វកិច្ចផ្នែកពន្ធដារ អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ការគាំពារសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍអាជីវកម្មជាដើម។
លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ស្នើសុំឱ្យគណៈកម្មាធិការ ជួយដឹកនាំសម្របសម្រួល ក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។
នៅក្នុងយុទ្ធនាការនោះ លោក នួន ផារ័ត្ន ក៏បានរំលេចផងដែរនូវសមិទ្ធផលជាច្រើនរបស់ខេត្ត រាប់ចាប់តាំងពីការទប់ស្កាត់ការទន្ទ្រានដីសាធារណៈ និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី រហូតដល់ការពង្រីកសហគមន៍កសិកម្មទំនើប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភ័ណភាពទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ និងមានប្រជាជនប្រមាណ ៩០០.០០០ នាក់។ ខេត្តនេះមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ព្រោះជាតំបន់ឈប់សំចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើររវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន ៧០.៧៧០ ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី៨៕