(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកស្រី សចេង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលរួមដាំដើមត្នោតចំនួន ១០មុឺនដើម នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា គោលបំណងនៃការដាំដើមត្នោតនេះ គឺជាផ្នែកចម្បងក្នុងការការពារ និងបន្សុតបរិមាណកាបូនក្នុងបរិយាកាស តាមរយៈការដាំដើមឈើជាតិដើមត្នោត ដែលជាដើមឈើស្នូលសម្រាប់សេដ្ឋកិច្ចជនបទ និងវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ។ ដើមត្នោតមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ។
លោក ប្រាក់ សុវណ្ណ បានថ្លែងបញ្ជាក់ថា ការដាំដើមត្នោតនេះ គឺជាជំហានដ៏សំខាន់មួយនៃយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្ត និងបង្ហាញពីការចូលរួមរបស់សាធារណជនក្នុងការអភិរក្សធនធានធម្មជាតិ។ហើយក្រៅពីការដាំត្នោតនៅតំបន់សាធារណៈ ក៏មានការចែកជូនកូនត្នោតចំនួនមួយទៀត ដល់អង្គភាពពាក់ព័ន្ធ ដើម្បីយកទៅដាំបន្ថែមនៅតាមតំបន់ផ្សេងៗ ដើម្បីបន្តអភិវឌ្ឍ និងពង្រីកដែនដីបៃតងឱ្យកាន់តែទូលំទូលាយផងដែរ៕