(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជានៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១១១នាក់ ស្រី ៥៩នាក់។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់គណបក្ស ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ប៉ិច សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រៀល។
ក្នុងពិធីនោះ លោក ប៉ិច សុខា បានថ្លែងនាំនូវការសួរសុខទុក្ខ និងការផ្ញើក្ដីរលឹកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងទេសរដ្ឋមន្ត្រី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងលោក ឈាង វណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក។
លោក ប៉ិច សុខា បានជម្រាបអង្គប្រជុំអំពីថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា តាំងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលមានអាយុកាលជាង៧៤ឆ្នាំហើយ។ ចាប់ពីពេលបដិសន្ធិមក គណបក្សប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ មាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព សង្គម។
លោកបន្តថា គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ។
លោក ប៉ិច សុខា បានគូសរំលេចទៀតថា ចាប់តាំងពីថ្ងៃរំដោះ៧មករា១៩៧៩ រហូតដល់បច្ចុប្បន្ន គឺឆ្លងកាត់រយៈពេលជាង៤៦ឆ្នាំ នៃការតស៊ូសង្គ្រោះជាតិ ការស្តារ កសាង និងការពារ មាតុភូមិ គណបក្សដកស្រង់បានបណ្តាមេរៀនជាប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ជាតិ មាតុភូមិ ដូចខាងក្រោម៖
ទី១៖ ការដឹកនាំខាងនយោបាយបានត្រឹមត្រូវ គឺជាកត្តាចម្បងនៃជ័យជម្នះរបស់ប្រជាជាតិ
ទី២៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ
ទី៣៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិឈ្នះ បើបែកបាក់សាមគ្គីភាព គឺមានតែបរាជ័យប៉ុណ្ណោះ
ទី៤៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ គណបក្សដែលជាស្ថាបនិកនៃសន្តិភាព ជាអ្នកជ្រោងទង់អភិវឌ្ឍន៍ គណបក្សយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងស្ថិរភាព ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានរឹងមាំ ស្ថិតស្ថេរ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី
ទី៥៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការ និងការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភបំពានណាពីខាងក្រៅ
ទី៦៖ នៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនត្រូវប្រកាន់ខ្ជាប់នូវ ជំហរជាអ្នកធ្វើ ជាម្ចាស់របស់ប្រទេសជាតិខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន
ទី៧៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ ក៏ដូចជាមួយបណ្តាប្រទេសលើពិភពលោក ដោយមិនប្រកាន់របបនយោបាយជាកត្តាសំខាន់មិនអាចខ្វះបាន ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានាដល់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពរបស់ជាតិ។
លោក ប៉ិច សុខា ក៏បានលើកឡើងនូវមាត្រាមួយចំនួននៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជម្រាបជូនដល់សមាជិកថ្មី និងអង្គពិធីទាំងមូល ដើម្បីសិក្សាស្វែងយល់ឱ្យបានច្បាស់។
លោក ប៉ិច សុខា បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើន សំដៅឆ្ពោះទៅសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕