(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកទឹកចិត្តដល់កូនចៅជនជាតិដើមភាគតិច រស់នៅតំបន់ដាច់ស្រយាលនៅកម្ពុជា ត្រូវជម្នះរាល់ឧបសគ្គបន្តការសិក្សារហូតចប់ចុង ចប់ដើម ដើម្បីចាប់ឱកាសដេីរលើវិថីឆ្ពោះទៅមុខសម្រាប់អនាគតដ៏ភ្លឺស្វាង។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច «មិល) កំពុងសិក្សានៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។ អំណោយនេះក្រោមគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសស្រដៀងគ្នាថា ការរួមគ្នាចែកអំណោយជាកង់ដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាលរបស់កម្ពុជា នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់ស្តីអំពីកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា អាចនាំមកនូវពន្លឺ ក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរជូនដល់សហគមន៍។ ខណៈអំណោយនេះជាគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អំណោយជាកង់ មួក ដែលនាំមកចែកជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបន្តថា ការអប់រំកុមារតូចត្រូវមានការជំរុញពីសំណាក់មាតា បិតា អាណាព្យាបាលសិស្ស ដែលជាគ្រូទីមួយ ដើម្បីឱ្យកូនៗតូចៗ បានឆ្លងកាត់មត្តេយ្យសិក្សាដោយជោគជ័យ ត្រូវ មានសេចក្តីក្លាហាន មានទំនុកចិត្ត បំណិនប្រសព្វ ដែលជាគ្រឹះដ៏រឹងមាំ ដើម្បីបន្តការសិក្សាកម្រិត បឋមផ្តល់ភាព ងាយស្រួលដល់កូនៗ ក៏ដូចលោកគ្រូ អ្នកគ្រូ ក្នុងការរៀន និងបង្រៀនព្រោះសិស្សបានឆ្លងកាត់ដំណាក់កាលបុរេ ចំណេះដឹងដ៏ត្រឹមត្រូវ និងស្វាហាប់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការបង្កើនបាននូវកម្លាំងពលកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារសីលធម៌វិជ្ជាជីវៈផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រប់ការងារពេញមួយជីវិត។

សម្រាប់ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកបានយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមជាក់ស្តែងរបស់ក្មួយៗសិស្សានុសិស្សនៅតាមជនបទ ដែលតែងតែធ្វេីដំណេីរយ៉ាងឆ្ងាយទៅសាលារៀន។ ដូច្នេះសម្រាប់គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈម។ តាមរយៈការផ្តល់កង់ទាំងនេះ សង្ឃឹមថានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ អត្រាបោះបង់ការសិក្សាមានកម្រិតទាប និងលើកទឹកចិត្តឱ្យមានការចូលរៀនទៀងទាត់។

ឯកអគ្គរដ្ឋទូតឥណ្ឌាបានបន្ថែមយ៉ាងដូច្នេះថា៖ «កង់ទាំងនេះមិនត្រឹមជាមធ្យោបាយធ្វើដំណើរនោះទេ តែវាគឺជានិមិត្តរូបនៃឱកាស។ នៅពេលក្មួយៗសិស្សានុសិស្សបានទទួលកង់ក្មួយៗនឹងមានលទ្ធភាពទទួលបានការអប់រំកាន់តែល្អប្រសើរ មានពេលវេលាសិក្សាកាន់តែច្រើន និងមានឱកាសកាន់តែច្រើនក្នុងការបន្តក្តីស្រមៃរបស់ខ្លួន។ ដូច្នេះហើយសូមសិស្សានុសិស្សដែលទទួលបានកង់ ត្រូវប្រើប្រាស់ឱ្យបានល្អជិះប្រកបដោយសុវត្ថិភាព និងខិតខំសិក្សារៀនសូត្រ»

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញនូវជំនឿជឿជាក់លើសក្តានុពលរបស់ក្មួយៗទាំងអស់គ្នា ហើយយលោកពិតជាមានមោទនភាពក្នុងការគាំទ្រដំណើរតស៊ូរបស់ក្មួយៗសិស្សានុសិស្សទាំងអស់គ្នា។ អ្នកទាំងអស់គ្នាគឺជាអនាគតសម្រាប់ប្រទេសកម្ពុជា លោកមានកិត្តិយសក្នុងការជួយជ្រុំជ្រែងក្មួយៗសិស្សានុសិស្សទាំងអស់គ្នាដេីរលើវិថីឆ្ពោះទៅកាន់ថ្ងៃស្អែកដ៏ភ្លឺស្វាង។

តាមការបញ្ជាក់របស់លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។

គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន ២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន ៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹកដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ៕