(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានចែកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាតិ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងរដូវរងាសម្ដេចបានផ្ដល់អាវរងា និងក្នុងរដូវភ្លៀងសម្ដេចបានផ្ដល់អាវភ្លៀង ដើម្បីយោធិន និងក្រុមគ្រួសារ សម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹដី ការពារ រដ្ឋ ធម្មនុញ្ញ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ និងថែរក្សា ការពារ សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មុឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរព ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងអនុវត្តន៍តាមបទ បញ្ជា របស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យមានប្រសិទ្ធភាព និងឲ្យទទួលបានជោគជ័យ តាមភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ៕