(កំពង់ធំ)៖ ប្រាសាទគុហនគរ មានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាប្រាសាទបុរាណមួយ ដែលមានដើមឈើធំៗដុះយ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃព័ទ្ធជុំវិញ ដែលត្រូវបានសាងសង់ឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងរចនាបថឃ្លាំង កំពុងតែទទួលបានការទាញទាញចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ចូលរួមទស្សនា និងស្វែងយល់ពីប្រាសាទបុរាណខ្មែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News គ្រាដែលបានចុះមកដល់ប្រាសាទគុហនគរ ស្ថិតនៅក្នុងវត្តគុហនគរ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះចៅអធិការវត្ត ព្រះនាម តន់ ពិសី បានមានសង្ឃដីកា បញ្ជាក់ថា រមណីដ្ឋាន «ប្រាសាទគុហនគរ» មានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅក្នុងបរិវេណវត្តគុហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងរចនាបថឃ្លាំង។
ប្រាសាទគុហនគរ មានបណ្តោយប្រវែង ៤៥ម៉ែត្រ និងទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគុកនគរចែកចេញជាបីផ្នែក៖ ផ្នែកទី១មានកម្ពស់ ៨ម៉ែត្រ ផ្នែកទី២ មានកម្ពស់ ១២ម៉ែត្រ និងផ្នែកទី៣ មានកម្ពស់ ១៥ម៉ែត្រ។
ប្រាសាទគុហនគរជាប្រាសាទដ៏ល្អមួយ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិត្រូវបានយកចិត្តទុក ដាក់ថែរក្សាការពារពីអាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ គណៈកម្មាធិការវត្ត ជាពិសេសការយកចិត្តទុកដាក់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកផងដែរ ។ ប្រាសាទ គុហនគរជាកន្លែងទស្សនាបន្ទាប់ពីប្រាសាទសំបូរព្រៃ គុក និងតំបន់ភ្នំសន្ទុក ប្រាសាទនេះកសាងលើដីរាបស្មើ លើខឿនតែមួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និងថ្មភក់ បែរមុខទៅទិសខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។
ព្រះចៅអធិការវត្ត តន់ ពិសី បន្ថែមថា គោបុរៈខាងកើតកម្ពស់ ៩ម៉ែត្រ មានទ្វារចូលចំនួន ៣កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និងមាននៅសងខាងចំនួនពីរទៀត ។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបានទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ (ស្ថាណាទ្រោនី )។
នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មានបន្ទប់ និងយ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយនៅចំពីមុខមានសសរពេជ្ររាង ៨ ជ្រុងនៅសងខាង។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយបញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុសល្អវិចិត្រ ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។
នៅក្បែរតួប៉ម (ទិសអាគ្នេយ៍) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ (បណ្ណាល័យ) ធ្វើអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។
សូមបញ្ជាក់ដែរថា «ប្រាសាទគុហនគរ» មានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ។ ហេតុដូចនេះហើយបានជាយើងឃើញថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះផងដែរ៕