(កាលីហ្វ័រនីញ៉ា)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន ទី១. ការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍកម្មវិធីអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថល ទី២.ការណែនាំអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV ទី៣. ការសិក្សានិងស្វែងយល់ពីកម្មវិធីជំរុញធុរកិច្ចថ្មីឌីជីថល ។

លោកស្រី Susan Gieseck នាយិកាផ្នែកទំនាក់ទំនងសាកលនៃមជ្ឈមណ្ឌលសហគ្រិនភាពនិងបច្ចេកវិទ្យា បានលើកឡើងពីបទពិសោធនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយបណ្តាប្រទេសមួយចំនួន។ លោកស្រីបានកោតសរសើរ និងសម្តែងការចាប់អារម្មណ៍ចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV។

ជាមួយគ្នានេះ លោកស្រី Talyor Marcus ប្រធានផ្នែកការពង្រីកអាជីវកម្មនៅអឺរ៉ុបនិងសាកលនៃ Berkeley Skydeck បានលើកឡើងអំពីកម្មវិធីជំរុញធុរកិច្ចថ្មី តាមរយៈបណ្តាញនៃអ្នកប្រឹក្សាយោបល់ ដៃគូក្នុងឧស្សាហកម្ម និងវិនិយោគិត ដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Berkeley Skydeck។

លោករដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជាចូលរួមក្នុងកម្មវិធីជំរុញនេះ ដើម្បីមានឱកាសពង្រឹងសមត្ថភាព និងមានលទ្ធភាពចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិក៕