(ស្ទឹងត្រែង)៖ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្ទឹងត្រែង បានថ្លែងថា ទុក្ខព្រួយរបស់អ្នកជំងឺជាទុក្ខព្រួយរបស់គ្រូពេទ្យ ក្នុងនាមជាគ្រូពេទ្យ ត្រូវការរៀនសូត្រមួយជីវិត ដើម្បីពង្រឹងសមត្ថភាព។
ការថ្លែងបែបនេះ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា តំណាងលោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា។
ទិវានេះរៀបចំឡើងក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្ទឹងត្រែង និងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងតាមប្រព័ន្ធ zoom នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីគ្រូពេទ្យ វេជ្ជបណ្ឌិតដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងសេវាសាធារណៈ និងឯកជនក្នុងខេត្តស្ទឹងត្រែង និងនិស្សិតគិលានុដ្ឋាក ចូលរួមផ្ទាល់ចំនួន១៧០នាក់ និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន១០០០នាក់។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ បានគូសរំលេចពីការយល់ដឹង និងជាជំហានវឌ្ឍនៈភាព ជាការដុះខាត់បច្ចេកទេស ជំនាញ ជាមូលដ្ឋានរក្សា និងអភិវឌ្ឍន៍ចំណេះដឹងឱ្យទាន់សម័យ ជាគ្រូពេទ្យទាល់តែបានបណ្តុះបណ្តាលចេញពីសាលាត្រឹមត្រូវមានសមត្ថភាពច្បាស់លាស់ ជំនាញទាន់សម័យកាល ហើយមានទំនួលខុសត្រូវខ្ពស់ដោយយកចិត្តទុកដាក់ពីសុវត្ថិភាព និងអាយុជីវិតអ្នកជំងឺជាចម្បង។
ក្នុងន័យនេះជាគ្រូពេទ្យ ត្រូវការរៀនសូត្រមួយជីវិត ដើម្បីពង្រឹងសមត្ថភាព ហើយវេទិកានេះ ជាឱកាសផ្សព្វផ្សាយចំណេះដឹង ចំណេះធ្វើដ៏ធំទូលាយ ក្លាយជាថ្នាលបណ្តុះបណ្តាល ដែលជាសរសរស្តម្ភមួយដ៏រឹងមាំ បង្កលក្ខណៈសម្បត្តិដល់ការទទួលបាននូវចំណេះដឹង ដែលសាយភាយពីរាជធានី ខេត្ត តាមរយៈប្រព័ន្ធនិមិត្ត Zoom និងអាចសន្សំពិន្ទុសម្រាប់បន្តសុពលភាពអាជ្ញាបណ្ណប្រកបដោយគុណភាព និងសក្តិសិទ្ធិភាព។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ បានលើកពីទិសដៅបន្តពីការចុះបញ្ជីការ និងបន្តសុពលភាពដល់គ្រូពេទ្យទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តផ្សព្វផ្សាយនូវលិខិតបដ្ឋានគតិយុត្តិនានារបស់គ្រូពេទ្យជាតិដល់គ្រូពេទ្យទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ បន្តផ្សព្វផ្សាយនូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ បន្តចុះត្រួតពិនិត្យជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលពីភាពស្របច្បាប់វិជ្ជាជីវៈរបស់គ្រូពេទ្យក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនក្នុងវិស័យឯកជនក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះការផ្តល់ចំណេះជំនាញដោយមិនកាត់ផ្តាច់ពីគុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ធ្វើសកម្មភាពព្យាបាលប្រកបដោយអាកប្បកិរិយា ទន់ភ្លន់ ស្របនឹងប្រសាសន៍របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានផ្តាំផ្ញើជាប្រចាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ឲ្យចងចាំពាក្យស្លោក ១ឃ្លាក្នុងចិត្តថា «ទុក្ខព្រួយរបស់អ្នកជំងឺជាទុក្ខព្រួយរបស់គ្រូពេទ្យ» និងសូមកោតសរសើរចំពោះសហភាតរៈជា គ្រូពេទ្យ វេជ្ជបណ្ឌិតក្នុងខេត្តស្ទឹងត្រែង ដែលមានស្មាតីទទួលខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈរបស់ខ្លួនដោយពុំមានបាតុភាពវិជ្ជាជីវៈ លប់បំបាត់តាមរយៈការរាយការណ៍ពីសេវាឯកជនខុសច្បាប់ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជាផលប្រយោជន៍របស់អ្នកជំងឺ៕