(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដេីម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់។
លោករដ្ឋមន្ត្រីពិតជារីករាយដែលបានស្តាប់លឺផ្ទាល់ថា កសិករដាំទុរេននៅឃុំអូសោមទទួលបានប្រាក់ចំណេញច្រេីន និងកំពុងបង្កេីនការដាំដុះបន្ថែមដេីម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបេីកទីផ្សារសម្រាប់ការនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។ ជាក់ស្តែង កសិករមួយរូបដែលមានទុរេន៣០ហិកតា អះអាងថាអាចរកបានប្រាក់ចំណេញប្រមាណ ២៥មុឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូសោម ដេីម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។
លោករដ្ឋមន្ត្រីបានផ្តាំផ្ញេី និងលេីកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដេីម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហេីយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រេីប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។ ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កេីតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដេីម្បីជួយការពារកុំឱ្យមានការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កេីនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទានផងដែរ។
ក្រោយកិច្ចសំណេះសំណាល លោករដ្ឋមន្ត្រីបានអញ្ជេីញពិនិត្យចម្ការទុរេន និងឃ្លាំងវេចខ្ចប់ទុរេនដែលកំពុងសាងសង់សម្រាប់បម្រេីឱ្យការនាំចេញ៕