(ភ្នំពេញ)៖ បណ្ដាសារព័ត៌មានអន្តរជាតិធំៗ មួយចំនួនបានចាប់អារម្មណ៍ចុះផ្សាយលើកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI ភាសាខ្មែរលើកដំបូងរបស់កម្ពុជា ដែលក្នុងនោះមានដូចជា ស្ថាប័នព័ត៌មាន CNC របស់កម្ពុជា, ស្ថានីយ៍ទូរទស្សន៍ដ៏ល្បី និងធំសម្បើមចំនួន២របស់ចិនគឺ CGTN (China Global Television Network), CHINANEWS.COM និង វិទ្យុមិត្តភាពកម្ពុជាចិន (CCFR)។

បណ្ដាសារព័ត៌មានជាតិ និងអន្តរជាតិទាំងនោះ បានចុះផ្សាយអំពី Fresh AI ដែលជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរដំបូងនៅកម្ពុជា និងត្រូវបានប្រកាសដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើនអនេក រហូតដល់ជាង៤០០លានពាក្យ (400,000,000) ឬស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ទាំងព័ត៌មានជាតិ និងអន្តរជាតិជុំវិញពិភពលោក ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។

ប្រជាពលរដ្ឋដែលបានសាកល្បងចូលទៅប្រើប្រាស់ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា «កម្មវិធីព័ត៌មាន Fresh AI ពិតជាលឿន និងសង្ខេបព័ត៌មានខ្លីងាយយល់ ហើយអាចជំនួសដល់ការប្រើប្រាស់ Google ឬកម្មវិធីបរទេសមួយចំនួនទៀត ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរ និងមានភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ទូទៅ»។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp បានឱ្យដឹងថា «Fresh AI គឺកម្មវិធី Chatbot សួរឆ្លើយពាក់ព័ន្ធព័ត៌មានតែប៉ុណ្ណោះ គឺជាកម្មវិធី AI ព័ត៌មានដំបូងគេនៅកម្ពុជា ហើយគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបង្កើតដោយក្រុមការងារបច្ចេកទេស កូនខ្មែររបស់យើង។ វាជាមោទនភាពរបស់ប្រទេសខ្មែរយើងមានដែលកម្មវិធី AI ព័ត៌មាន។ យើងនឹងបន្តបញ្ចូលព័ត៌មានថែមជារៀងរាល់ ដើម្បីធ្វើឱ្យការសួរ និងការឆ្លើយកាន់តែឆ្លាតវៃ។ យើងដាក់ឲ្យសាកល្បងជំហានដំបូងសិន នឹងបន្តកែសម្រួលអភិវឌ្ឍន៍បន្តបន្ទាប់ទៀត»។

សូមជម្រាបថា Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ត្រូវបានលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មាន Fresh AI និង Fresh News ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទៅប្រើប្រាស់រហូតដល់ទៅជាង១ម៉ឺននាក់៕