(ភ្នំពេញ)៖ ទិវា២០ ឧសភា គឺជាទិវាជាតិ។ ជាទូទៅមជ្ឈមណ្ឌលឯកសារកម្ពុជាតែងតែជ្រើសរើសទីតាំងមួយ ឬកន្លែងមួយដើម្បីរំឭកដល់អ្នកដែលបានស្លាប់ទៅ តាមពិធីបង្សុកូល និងមានការចូលរួមពីអ្នករស់រានមានជីវិត នៅតាមមូលដ្ឋានដាច់ស្រយាលដើម្បីឱ្យប្រជាជនកម្ពុជាមកចូលរួមជាលក្ខណៈបុគ្គលដោយផ្ទាល់។ បើទោះបី ជាមានការរៀបចំពិធីនេះឡើងជារូបភាពតូចតាចក្តី ប៉ុន្តែវាមានសារសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរដែលជឿលើព្រះពុទ្ធសាសនា កម្មផល បុណ្យបាប ផលានិសង្ស និងជឿលើការអហោសិកម្ម ដែលជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតប្រចាំថ្ងៃ។
ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា «ទិវា ២០ ឧសភា» គឺជាការចងចាំរាល់ថ្ងៃ គឺជាការងារប្រចាំថ្ងៃ និងការជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់ឆ្ងាយៗ ដែលគ្មានលទ្ធភាព និងធនធានក្នុងការសាងសង់ទីកន្លែងជួបជុំគ្នា។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសាងសង់ចេតិយមួយចំនួននៅតាមភូមិ ឃុំ មានការចូលរួមពីអ្នករស់រានមានជីវិតដែលបានផ្ដល់ជាទីតាំងនៅតាមវាលស្រែ ចម្ការ របស់ខ្លួនដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាសម្រេចធ្វើពិធីបង្សុកូលនៅវត្តលង្កា ជាទីតាំងមួយមានរក្សាទុកកោដ្ឋចំនួន៤៦៤ ដែលត្រូវបានបោះបង់ចោល និងគួរឱ្យសង្វេគ ហើយមិនត្រូវបានគេនឹកនាដល់។ កោដ្ឋចំនួន៤៦៤នេះ ត្រូវបានរកឃើញនៅក្រោមបល្ល័ង្កព្រះពុទ្ធ នៅក្នុងវត្តលង្កា កាលពី១០ឆ្នាំមុន។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ វត្តលង្កាសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកន្លែងទុកដាក់កោដ្ឋទាំងនេះ ទៅជាបណ្ណាល័យ ដែលប្រែជាភាសាបាលីគឺ «ហោអដ្ឋិធាតុ»។ ហោអដ្ឋិធាតុ គឺជាបណ្ណាល័យដែលសិក្សាអំពីកោដ្ឋ និងជាកន្លែងដែលឱ្យយើងគិតដល់អ្នកស្លាប់ និងអ្នកដែលនៅរស់។ តាមរយៈទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប្រពៃណី និងរចនាបថរបស់កោដ្ឋចំនួន៤៦៤ បានបង្ហាញអំពីឋានៈ តួនាទី របស់បុគ្គលនីមួយៗដែលបានស្លាប់ និងបង្ហាញអំពីស្ថានភាពសង្គមរបស់បុគ្គលម្នាក់ៗ ដែលត្រូវបានគេបោះបង់ចោលតាំងពីសម័យសង្គ្រាម រហូតដល់សម័យ ប៉ុល ពត និងសព្វថ្ងៃនេះ។
ហោអដ្ឋិធាតុ គឺជាបណ្ណាល័យធាតុដំបូងគេនៅក្នុងទីក្រុងភ្នំពេញ។ ក្រៅពីអហោសិកម្ម និងជំនឿសាសនា គោលបំណងរៀបចំឱ្យមាន ហោអដ្ឋិធាតុ នេះ គឺជំរុញឱ្យមានការសិក្សា អំពីហេតុ និងផល ដែលនាំឱ្យកោដ្ឋចំនួន៤៦៤ត្រូវបានបោះបង់? តើនរណាខ្លះដែលជាបុគ្គលចំនួន៤៦៤នាក់? តើស្លាប់ដោយសារមូលហេតុអ្វី? តើស្លាប់នៅពេលណា? តើសាច់ញាតិនៅទីណា? តើយើងអាចរកឃើញអ្នករស់រានមានជីវិត ដែលជាសាច់ញាតិរបស់អ្នកស្លាប់ចំនួន៤៦៤នាក់នេះដែរឬទេ? វាក៏បានបង្ហាញអំពីវប្បធម៌នៅក្នុងព្រះពុទ្ធសាសនារបស់យើង អំពីការដែលយើងរៀបចំទុកដាក់អដ្ឋិធាតុអ្នកដែលបានស្លាប់ទៅ។
នៅក្នុងវត្តលង្កាទៀតសោត មានទីតាំងសម្រាប់ជួយដល់អ្នកក្រីក្រនៅពេលមានអាសន្ន ដែលត្រូវការកន្លែងតម្កល់សព ឬកន្លែងបូជាផ្សេងៗ។ វត្តលង្កាផ្ដល់ជាទីតាំងសម្រាប់សមាធិ និងសិក្សារៀនសូត្រ ដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសថែមទៀតផង។
ការអភិរក្ស និងការពារកោដ្ឋទាំងអស់នេះ គឺស្របទៅតាមចក្ខុវិស័យរបស់អនុសញ្ញាក្នុងការរារាំងទប់ស្កាត់ និងផ្ដន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ តាំងពីឆ្នាំ១៩៤៤ មកម្ល៉េះ ។ នៅមុនពេលដែលយើងសម្រេចកំណត់បាននិយមន័យផ្លូវច្បាប់នៃឧក្រិដ្ឋប្រល័យពូជសាសន៍ដូចសព្វថ្ងៃ លោក លេមឃីន បានកំណត់ថា ការបំផ្លិចបំផ្លាញលើវត្ថុ និងបេតិកភណ្ឌវប្បធម៌ គឺជាទង្វើមួយដែលចាត់ចូលជាអំពើប្រល័យពូជសាសន៍លើវប្បធម៌។ កិច្ចការដែលបម្រើដល់ការកំណត់អត្តសញ្ញាណ, ការគោរព និងការអភិរក្សកោដ្ឋទាំងអស់ ដែលស្ទើរតែបាត់បង់ដោយសារខ្មែរក្រហម បង្កឡើងកាលពី៥០ឆ្នាំមុន ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺជាកិច្ចការបំពេញបន្ថែមចំពោះការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។
មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវត្តលង្កា ទីក្រុងភ្នំពេញ។ ការរៀបចំកម្មវិធីខាងលើនេះ គឺដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អ្នកស្លាប់ឱ្យបានទៅដល់សុគតិភព។
កម្មវិធីខាងលើមានការនិមន្តចូលរួមពីព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម, ព្រះសង្ឃ៤អង្គ, ដូនជី តាជី, សាច់ញាតិរបស់អ្នកស្លាប់ និងបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ កម្មវិធីនេះបើកចំហរសម្រាប់សាធារណជនចូលរួម ដើម្បីបានមកមើលហោអដ្ឋិធាតុ និងមកទស្សនាវត្តលង្កាថែមទៀតផង៕
ព័ត៌មានបន្ថែមសូមទាក់ទង៖ រស់ សំពៅ ទូរស័ព្ទលេខ ០១២ ៨៨២ ៥០៥