(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) បានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលកិច្ចប្រជុំ «ពាណិជ្ជកម្មពិភពលោក និងការដោះស្រាយបញ្ហាប្រឈមនានា»។

ការរៀបចំសន្និសីទនេះ បន្ទាប់ពីបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា តំណាងសម្ដេចបវធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោយអញ្ជើញចូលរួម បើក-បិទ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីវេទិកាពាណិជ្ជកម្ម ប្រកបដោយចីរភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នាប្រទេសថៃ។

កម្មវិធីវេទិកាពាណិជ្ជកម្ម ខាងលើនេះ រៀបចំធ្វើឡើង ក្រោមប្រធានបទ «សកលភាវូបនីយកភាវូបនីយកម្ម ២.០.៖ ការដោះស្រាយបញ្ហាប្រឈម របស់ពាណិជ្ជកម្មអន្តរជាតិ» ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

វេទិកានេះ មានវត្តមាន អញ្ជើញចូលរួមពីសំណាក់ លោកស្រី Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី, លោក Jean Marie Paugum អគ្គនាយករង អង្គការពាណិជ្ជកម្ម ពិភពលោក (WTO), លោក Han-Koo Yeo អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ, សាស្រ្តាចារ្យ Lionel Fontagné ជាប្រធានសាស្រ្តាចារ្យនៃសាលាសេដ្ឋកិច្ចប៉ារីស។

លើសពីនោះទៀត ក៏មានតំណាងមកពីគណៈកម្មការអឺរ៉ុប, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP), សាកលវិទ្យាល័យ និងរដ្ឋាភិបាលតំណាងប្រទេសក្នុងតំបន់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ក៏បានជួបពិភាក្សា ជាមួយលោកស្រី Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី អំពីការប្រែប្រួលការងារពាណិជ្ជកម្ម, គោលនយោបាយពាណិជ្ជកម្ម, ការប្រែប្រួលផ្នែកឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធំៗ ជាច្រើនរូបទៀតផងដែរ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖