(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ ឃុនលីន អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ឯក​ សំអុល​ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន,​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍,​ លោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត វិស័យឯកជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ច​សហការ​​ដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា, ក្រសួងវប្បធម៌និងទេសចរណ៍ចិន, ស្ថានទូតចិន ប្រចាំកម្ពុជា, រដ្ឋបាលខេត្តជាំងស៊ូ, ក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំព្រឹត្តិការណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នេះឡើង ស្របតាមការឯកភាពគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

លោកបានបន្តថា ការជួបជុំដ៏អធឹកអធមនេះ បានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយលទ្ធផលជាផ្លែផ្ការបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ដែលបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

បន្ថែមពីនេះលោក វង្សី វិស្សុត បានបង្ហាញជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នឹងកាន់តែរឹងមាំជាលំដាប់ ហើយនឹងបន្តសម្រេចបានសមិទ្ធផលជាផ្លែផ្កា ឥតឈប់ឈរ ដូចសុភាសិតចិនមួយពោលថា «មិត្តភាព គឺដូចជាស្រា-កាន់តែចាស់កាន់តែយូរ កាន់តែល្អ»។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថាផ្អែកលើប្រវត្តិនៃចំណង​​​​ទាក់ទងរវាងកម្ពុជា-ចិនរាប់ពាន់ឆ្នាំរហូតមកទល់នឹងសព្វថ្ងៃនេះ បានបង្ហាញថា ចិនជាមិត្តល្អដែលកម្ពុជាអាចពឹងពាក់បាន ហើយមិត្តភាពដ៏រឹងមាំនេះមិនអាច បំបែកបានឡើយ។

លោកបានបន្តថា ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ត្រូវបានកសាង និងវិវត្តរីកចម្រើនឈានឡើង ដោយសារកត្តា៖

*ទី១៖ បានចាក់ឬសយ៉ាងជ្រៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់នៃ​ប្រទេស​ទំាង​ពីរ
*ទី២៖ ត្រូវបានគាំទ្រដោយមូលដ្ឋានគ្រឹះខាងនយោបាយដ៏រឹងមាំពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការបុកគ្រឹះ និងពូនជ្រំក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង​​ថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន គឺលោកប្រធាន ម៉ៅ សេទុង និងលោក ជូ អេន​ឡាយ ហើយត្រូវបានបន្តពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ ប្រធានាធិបតី ស៊ី ជីនពីង ហើយបច្ចុប្បន្នកំពុងត្រូវបានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
*ទី៣៖ ត្រូវបានជំរុញដោយកម្លាំងដ៏ខ្លាំងក្លាពីខាងក្នុង ដែលជានិស្ស័យជាធម្មជាតិ និងប្រវត្តិសាស្ត្រ
*ទី៤៖ ទទួលបាននូវការអបអរសាទរ និងគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។

លោក វង្សី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយដែល​​ចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្នុងន័យនេះ តាមរយៈការសហការរៀបចំព្រឹត្តិការណ៍នានា ក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍ កម្ពុជា​-​ចិន ២០២៥» យើងនឹងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសិល្បៈ វប្បធម៌ ប្រពៃណីដ៏ផូរផង់ និងសក្តានុពលទេសចរណ៍ នៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរនូវអរិយធម៌អង្គរដ៏រុងរឿងរបស់កម្ពុជា និងអរិយធម៌ចិនដ៏សម្បូរបែបនិងល្បីល្បាញ ពិសេសខេត្តជាំងស៊ូ ដែលជាទីកន្លែងកំណើតនៃអរិយធម៌ចិនសម័យបុរាណ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា ក្នុងរយៈពេល ៦៧ឆ្នាំ នៃប្រវត្តិទំនាក់ទំនងការទូតសម័យទំនើបរវាងប្រទេសទាំងពីរ, កម្ពុជា-ចិនសម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ហើយបានក្លាយជាគំរូមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។

កម្ពុជាបន្តគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ដែលបាននិងកំពុងដើរ​តួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក លើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, ការ​វិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន។

ដោយឡែក នៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានកសាងឡើងជាបន្តបន្ទាប់ស្ទើរក្នុងគ្រប់វិស័យ ក្នុងនោះ មានវិស័យធំៗ និងគម្រោងលេចធ្លោជាច្រើន។ លោកបានបន្តថា ការឧបត្ថម្ភគាំទ្រ របស់ភាគីមិត្តចិន គឺមិនត្រឹមតែចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា ទេសចរណ៍ និងវិនិយោគចិន គឺជាប្រភពទីផ្សារដ៏សំខាន់បំផុតមួយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំពង្រឹងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន ហើយមានជំនឿជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងបង្កើនភាពទាក់ទាញទេសចរ និងវិនិយោគិនបន្ថែមពីចិន ពិសេសពីខេត្តជាំងស៊ូ មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ប្រកបដោយសុវត្ថិភាព និងគុណភាព ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែម្តង។

បន្ថែមពីនេះ លោកក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា-ចិន ឱ្យធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាមួយនឹងការប្រកាសបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» លោក វង្សី វិស្សុត បានប្រសិទ្ធពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរឹងមាំ រីកចម្រើន និង
ស្ថិតស្ថេរជាអមតៈ ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ និងបានថ្លែងថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ត្រៀមខ្លួនជានិច្ចទទួលស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជា! សូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទុកចិត្ត និងភាពកក់ក្តៅ!៕