(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានណែនាំរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវរៀបចំឱ្យប្រជាពលរដ្ឋ មានការគោះត្រដោកឡើងវិញ ដើម្បីឱ្យពួកគាត់បានផ្តល់ព័ត៌មានដែលកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន ងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា ស្របតាមទិសស្លោក «ប្រជាពលរដ្ឋម្នាក់ ជាភ្នាក់ងារសន្តិសុខម្នាក់»។
លោកបានណែនាំបែបនេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែមិថុនា ឆ្នាំ២០២៥ ដោយបានការចូលរួមពីអភិបាលរងខេត្ត តំណាងអយ្យការ អមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភារជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ប្រមាណជាង២០០នាក់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត បានធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងលទ្ធផលសម្រេចបាន នោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ លោកក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានសហការរៀបចំ និងការពារសន្តិសុខសុវត្ថិភាព វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ កាលពីពេលកន្លងទៅ ឱ្យទទួលបានជោគជ័យ។
លោកបន្តថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ឱ្យត្រៀមខ្លួនអន្តរាគមន៍ ក្នុងករណីមានគ្រោះធម្មជាតិកើតឡើង។ ក្នុងករណីនេះ លោកក៏សូមណែនាំបន្ថែម ដល់មន្ទីរធនធនទឹក និងឧតុនិយម ត្រូវពិនិត្យតាមដាន និងព្យាករណ៍ទឹកនៅផ្នែកខាងលើ ដែលអាចបង្ករជាគ្រោះទឹកជំនន់ នៅផ្នែកខាងក្រោម។ ជាមួយគ្នានោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ត្រូវត្រៀមស្រូវពូជ ដើម្បីជួយអន្តរាគមន៍ផងដែរ។
បញ្ហាចរាចរណ៍ ត្រូវរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង។ ចំពោះសុវត្ថិភាពចំណីអាហារ គ្រឿងកំប៉ុង ផ្លែឈើ សាច់សត្វ ត្រូវត្រួតពិនិត្យ ដើម្បីធានាសុខភាពជូនអ្នកទទួលទាន។ ចំពោះការអនុវត្តគោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព កុំរងចាំតែមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើម្នាក់ឯង ត្រូវធ្វើការងារេនះទាំងអស់គ្នា ពិសេសត្រូវគ្រប់គ្រងអ្នកចំណូលស្រុក ដែលគេចវេសពីការចាប់ខ្លួន ហើយចូលមកស្នាក់នៅក្នុងភូមិសាស្រ្តរបស់យើង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១៖ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គ្រឿងញៀន ក្មេងទំនើង និងបញ្ហាបរិស្ថាន ត្រូវធ្វើឱ្យបាន ត្រដោកត្រូវធ្វើឱ្យលឿន ដើម្បីត្រៀមធ្វើសមយុទ្ធខែក្រោយ
ទី២៖ ធនធានធម្មជាតិទាំងព្រៃឈើ និងបឹងទន្លេសាប ត្រូវគ្រប់គ្រងឱ្យបាន ដីដែលបានមកពីការដកហូត ត្រូវចុះបញ្ជីជាដីរបស់រដ្ឋ
ទី៣៖ បញ្ហាសំរាម ត្រូវធ្វើជាប្រចាំ ព្រោះយើងបានប្រកាសហើយថា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់ គឺគ្មានសំរាម ដូច្នេះត្រូវធ្វើឱ្យបាន
ទី៤៖ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បើដោះស្រាយបាន ឬមិនបាន ត្រូវពន្យល់ឱ្យគាត់បានយល់ ហើយរាយការណ៍មកខ្ញុំ
ទី៥៖ ព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធអង្គភាពណា អង្គភាពនោះត្រូវធ្វើការឆ្លើយតបបន្ទាន់
ទី៦៖ បទល្មើសអនឡាញ ល្បែងអនឡាញ អ្នកអនុញ្ញាតឱ្យបើកអ្នកនោះ ទទួលខុសត្រូវ
ទី៧៖ គ្រប់មន្ទីរអង្គភាព ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវចូលសាមគ្គីគ្នាអភិវឌ្ឍន៍ខេត្តពោធិ៍សាត់របស់យើង ទាំងផ្នែកបរិស្ថាន សន្តិសុខសណ្តាប់សាធារណៈ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕