(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ខូយ​ រីដា​ អភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាល​នេះ​ លោករដ្ឋមន្ត្រី ​បានលើកទឹកចិត្តឱ្យបងប្អូន​ធ្វើពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្រ បានកាន់តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។

ជាក់ស្តែង​ រដ្ឋមន្ត្រី​បាននាំកសិដ្ឋានគីរីទេស​ដែលប្រមូលទិញម្ទេស​ពូជដៃនាង​ និងណាលី​ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង​ និង​នាំចេញផង​ មកពន្យល់ពីតម្រូវការ​ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ​ នៅពេលប្រមូលផល​ ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ​ លោកបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង​លើមុខដំណាំ​សក្តានុពលផ្សេងទៀត​ ស្របតាមតម្រូវការទីផ្សារ។

លោក​ ញ៉េន​ សំអូន​ តំណាងប្រជាកសិករ បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី​ ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ​ និងផលប្រយោជន៍ប្រជាកសិករ​ តាមរយៈការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន​ ដើម្បីពិនិត្យស្ថានភាព​នៃការដាំដុះ បកស្រាយ​ពន្យល់អំពីយន្តការទីផ្សារ​ និងតម្រង់ទិសផលិតកម្ម​ឱ្យទទួលបានប្រាក់ចំណេញ​ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕