(កំពង់ធំ)៖ លោក ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានលើកឡើងថា ការប្រារព្ធទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា មិនត្រឹមតែជាថ្ងៃដែលរំលឹកប្រជាពលរដ្ឋខ្មែរពីអំពើឃោរឃៅ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមប៉ុណ្ណោះ ប៉ុន្តែក៏ជាថ្ងៃក្រើនរំលឹកពលរដ្ឋខ្មែរឱ្យស្អប់ខ្ពើមនូវភាពឃោរឃៅក្នុងរបបនោះ ហើយរួមគ្នាទប់ស្កាត់ និងការពារមិនឱ្យរបបនោះកើតមានជាថ្មី។
ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំកម្មវិធីទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទ្រី ដាលុច និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីថ្នាក់ខេត្ត-ស្រុក-ឃុំ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្ស ចូលរួមប្រមាណជិត ៣០០អង្គ/នាក់។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីក្រៅពីការគោរពទង់ជាតិ ទង់បក្សហើយនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់បានរួមគ្នាស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរដែលត្រូវបានកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងឃោរឃៅព្រៃផ្សៃបំផុត។
ទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ជាថ្ងៃបុណ្យជាតិផ្លូវការមួយត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការប្រារព្ធទិវានេះ សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ទិវាជាតិនៃការចងចាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ លោក ទ្រី ដាលុច បានអាននូវសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជនរួមជាតិក្នុងថ្ងៃទិវាជាតិនៃការចងចាំ។ ក្រៅពីការអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយនោះ លោក ទ្រី ដាលុច ក៏បានគូសរំលេចពីទុក្ខវេទនាខ្លោចផ្សារទាំងឡាយរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម ដូចជាការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការងារ ការបំបិទសិទ្ធិសេរីភាព ការសម្លាប់រង្គាលជនស្លូតត្រង់ក្រោមការចោទថាជាខ្មាំង និងការចាប់ពង្រាត់ម្តាយឪពុក និងកូនៗ ដែលជាសោកនាដកម្មមិនធ្លាប់មាននៅក្នុងសង្គមខ្មែរ។
លោក ទ្រី ដាលុច ក៏បានលើកបង្ហាញនូវវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកតស៊ូរបស់ខ្មែរ ដែលបានប្រឹងប្រែងធ្វើពលិកម្មមិនស្តាយជីវិតក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ឱ្យដួលរលំនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះមកវិញនូវអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។
លោក ទ្រី ដាលុច បានលើកឡើងដែរថា រយៈពេលជិត៥០ឆ្នាំ ក្រោយពីកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន និងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់រូប បានប្រឹងប្រែងរួមគ្នារកមកវិញនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម ព្រមទាំងកសាងប្រទេសជាតិ ឱ្យរីកចម្រើនឡើងវិញដូចពេលបច្ចុប្បន្ន។ សុខសន្តិភាព កំពុងត្រូវបានបន្តការពារយ៉ាងរឹងមាំបំផុតក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមប្រឹងប្រែងការពារនូវសុខសន្តិភាពនោះឡើយ រាជរដ្ឋាភិបាលដឹកនាំសម្តេចមហាបវរធិបតីក៏បន្តប្រឹងប្រែងជំរុញកិច្ចអភិវឌ្ឍជាតិ ឈានឆ្ពោះទៅកាន់គោលដៅកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ដើម្បីធានាការពារបាននូវសុខសន្តិភាព សិទ្ធិសេរីភាព ជាពិសេសធានាបានថាកម្ពុជាមិនវិលត្រឡប់រកសម័យកាលដ៏លំបាកវេទនាដូចអតីតកាលទៀតនោះ លោក ទ្រី ដាលុច អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ការពារការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយត្រូវរួមគ្នាប្រឆាំងរាល់ទង្វើអុជអាល និងការញុះញង់ទាំងឡាយ ដែលនាំឱ្យខ្មែរមានជម្លោះ និងការបែកបាក់។
សូមបញ្ជាក់ថា នៅក្នុងពិធីព្រឹកមិញនេះ លោក ទ្រី ដាលុច ក៏បាននាំយកនូវអំណោយមួយចំនួនរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និង អ្នកឧកញ៉ា គៀន ស្រីនាង ប្រគល់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គណបក្សស្រុក គណបក្សឃុំទាំង៧ និងសមាជិក-សមាជិកាទាំងអស់ ព្រមទាំងចំណាយផ្សេងៗទៀតសរុបជាទឹកប្រាក់ប្រមាណ ១១០លានរៀល៕