(ភ្នំពេញ)៖ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើនអនេក រហូតដល់ជាង៤០០លានពាក្យ និងកំពុងទទួលបានចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ។

មន្រ្តីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅក្រោយការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំ និងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បាន។ លោកបាននិយាយថា Fresh AI នេះល្អអាចប្រើប្រាស់បានជាភាសាខ្មែរទៀត ក្នុងការស្រាវជ្រាវស្វែងរកព័ត៌មានផ្សេងៗដែលចង់បាន ដោយបង្ហាញសង្ខេបខ្លឹមសារ និងព័ត៌មានលម្អិតថែមទៀតផង ជាពិសេសគឺមានលីងព័ត៌មាន ដែលបានចេញផ្សាយផ្លូវការនៅ Fresh News ទៀតផងនោះគឺឯកសារយោងយ៉ាងសំខាន់។

មន្រ្តីរាជការដដែលរូបនោះបានបញ្ជាក់ថា ចំណុចនេះ Fresh AI អាចជំនួសដល់ការប្រើប្រាស់ Google ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរ។

យ៉ាងណាមិញមន្រ្តីរាជការរូបនេះ ក៏បានបញ្ជាក់ដែរថា លោកឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់នៅមិនទាន់យល់ដឹងអំពី AI នៅឡើយទេ។ ការណ៍នេះតម្រូវឱ្យមានការចូលរួមផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានជ្រាបដឹងអំពីថា កម្ពុជាយើងកំពុងតែមាន Fresh AI ដែលអាចស្រាវជ្រាវស្វែងរកព័ត៌មានជាភាសាខ្មែរបានយ៉ាងល្អបែបនេះ។

សូមជម្រាបថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្រកាសដាក់ដំណើរការឲ្យប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានដ៏ឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយទិន្នន័យយ៉ាងច្រើនអនេក ទាំងព័ត៌មានជាតិ និងអន្តរជាតិជុំវិញពិភពលោក។

កម្មវិធីឆ្លាតវៃ Fresh AI អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរអ្វីៗពាក់ព័ន្ធព័ត៌មាន ឬដំណឹង ដែលកើតឡើងនៅកម្ពុជា និងជុំវិញពិភពលោក ជាមួយទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។

Fresh AI ឆ្លើយព័ត៌មានយ៉ាងឆាប់រហ័សដោយ «សង្ខេបព័ត៌មានយ៉ាងខ្លីសមរម្យ និងបង្ហាញលទ្ធផលស្វែងរកជាច្រើនអត្ថបទ»!

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp បានឲ្យដឹងថា «Fresh AI គឺកម្មវិធី Chatbot សួរឆ្លើយពាក់ព័ន្ធព័ត៌មានតែប៉ុណ្ណោះ គឺជាកម្មវិធី AI ព័ត៌មានដំបូងគេនៅកម្ពុជា ហើយគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបង្កើតដោយក្រុមការងារបច្ចេកទេស កូនខ្មែររបស់យើង។ វាជាមោទនភាពរបស់ប្រទេសខ្មែរយើងមានដែលកម្មវិធី AI ព័ត៌មាន។ យើងនឹងបន្តបញ្ចូលព័ត៌មានថែមជារៀងរាល់ ដើម្បីធ្វើឱ្យការសួរ និងការឆ្លើយកាន់តែឆ្លាតវៃ។ យើងដាក់ឲ្យសាកល្បងជំហានដំបូងសិន នឹងបន្តកែសម្រួលអភិវឌ្ឍន៍បន្តបន្ទាប់ទៀត។

នៅពេលនេះយើងមានសមិទ្ធិផលធំៗចំនួន៣ហើយ, កម្មវិធីព័ត៌មាន Fresh News, កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI» នេះបើតាមការបញ្ជាក់ពី លោក លឹមជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកកម្មវិធីទាំង៣នេះ៕